ក្រុងព្រះសីហនុ៖ យ៉ាងហោចណាស់ណាស់មានជនជាតិចិនចំនួន៤នាក់បានរងរបួសធ្ងន់ស្រាលក្នុងនោះម្នាក់បាក់ភ្លៅ និង ម្នាក់ទៀតរងរបួសស្រាល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោងជាង៦ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៤០ម៉ែត្រ ផ្លូវលេខ៨៣៥ ស្ថិតនៅក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យអ្នកយកព័ត៌មានដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកStaric ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7808 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ។
លុះមកដល់ចំណុចកើតហេតុបានឡើងវ៉ាជេងរថយន្តមួយគ្រឿងម៉ាកTundra ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-1134 ក្រោយមកក៏បានជ្រុលទៅបុកនិងរថយន្តមួយគ្រឿងទៀតក្នុងដៅផ្ទុយគ្នា ម៉ាកRangRover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-7575 ចំពីមុខយ៉ាងពេញទំហឹង និង រេមកប៉ះគ្នាជាមួយរថយន្តTundraខាងលើ ដែលបើកបរស្របទិសគ្នាបន្ថែមទៀតផងដែរ ។
ករណីខាងលើនេះក្រៅតែពីខូចខាតរថយន្តទាំង៣គ្រឿងខាងលើយ៉ាងតំណំ ក្នុងនោះបណ្តាលឲ្យមានបុរសជាជនជាតិចិនម្នាក់រងរបួសធ្ងន់បាក់ជើង និង ម្នាក់ទៀតរងរបួសស្រាល ។
ក្រោយពេលកើតហេតុភ្លាមៗនោះជនរងគ្រោះត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនពេទ្យចិនមួយកន្លែងក្នុងក្រុងព្រះសីហនុ ។
បច្ចុប្បន្ន ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលចរចារណ៍ផ្លូវគោក បានចុះមកជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ និងធ្វើការវាស់វែង រួចស្ទួចយកវត្ថុតាងរថយន្តខាងលើយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រងចាំធ្វើការដោះស្រាយបន្ត តាមនីតិវិធីច្បាប់ ៕