ខេត្តកំពង់ស្ពឺ៖ ពិតជាអាងខ្នងមែនហើយស្របពេលដែលតុលាការចេញដីការក្សាការពារនៅលើទីតាំងដីដែលគ្រោងនឹងសាងសង់រោងចក្រមួយកន្លែងក្រុមឡានដឹកដីមិនត្រឹមតែមិនស្ដាប់និងអនុវត្តតាម នោះទេថែមទាំងបំពាននៅតែបន្តដឹកដីទៅចាក់យ៉ាងគឃ្លើនដោយមិនញញើតច្បាប់បន្តិចសោះ។ ការនៅតែបន្តចាក់ដីនៅលើទីតាំងដែលមានដីការក្សាការពារនេះតើអាជ្ញាធរពាក់ព័ន្ធមានបានជ្រាបដែរឬទេឬក៏បានដឹងហើយធ្វើមិនដឹងមិនឮទុកពេលឲ្យក្រុមឡានដឹកដីទៅចាក់លើកន្លែងដែលត្រូវបានហាមឃាត់ទៅវិញ។
យោងតាមប្រភពបានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនៅលើទីតាំងចាក់អាចម៍ដីនិងរណ្ដៅដីទំនប់អូរក្រាំងអំបិល ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានមន្ត្រីតុលាការជាច្រើនរូបព្រមទាំងអាជ្ញាធរពាក់ព័ន្ធដោយមានលោកស្វាយ សារុន អភិបាលរងស្រុកសំរោងទង ចូលរួមផងដែរនោះបានចុះទៅដល់ទីតាំងដែលត្រូវប្រកាសហាមមិនឲ្យមានសកម្មភាព តាមពាក្យស្នើសុំរបស់លោកទឹម គឹមសាន ដោយបានអានសេចក្តីសម្រេចរបស់តុលាការឲ្យក្រុមថៅកែដីនិងក្រុមឡានទាំងនោះផ្អាកសកម្មភាពមិនឲ្យបន្តដឹកអាចម៍ដីទៅចាក់ទៀតនោះទេ។
ប្រភពបន្តថាបើទោះជាមានដីការក្សាការពារហាមឃាត់មិនឲ្យមានសកម្មភាពដឹកអាចម៍ដីយកទៅចាក់លើទីតាំងដីដែលត្រូវបានហាមឃាត់យ៉ាងណាក្តីនៅរសៀលថ្ងៃដដែលបន្ទាប់ពីក្រុមមន្ត្រីតុលាការបានចាកចេញផុតក្រុមឈ្មួញថៅកែរណ្ដៅដីឈ្មោះលឹមចាន់ថុលនិងបក្សពួកក្រុមឡាននៅតែបន្តសកម្មភាពដឹកអាចដីយកទៅចាក់យ៉ាងគឃ្លើនដោយមិនញញើតច្បាប់បន្តិចសោះឡើយ។
ប្រភពមួយផ្សេងទៀតបានបង្ហើបផងដែរថាពេលនេះគេនៅតែឃើញក្រុមឈ្មួញ(ថៅកែលឹមចាន់ថុល)នៅតែហ៊ានបន្តសកម្មភាពយ៉ាងគឃ្លើនបែបនេះដោយសារតែមានមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺម្នាក់ ធ្វើជាខ្នងបង្អែកឲ្យក្រុមឡាននិងថៅកែរណ្ដៅដីនោះ។
បើតាមមន្ត្រីតុលាការមួយរូបបានបញ្ជាក់ប្រាប់ថា”មុនពេលដែលតុលាការចុះទៅអនុវត្តដីការក្សាការពារនេះគឺគេបានឃើញមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទៅរត់ការនៅសាលាដំបូងដោយស្នើសុំឲ្យមានការពន្យារពេលតែត្រូវបានបដិសេធ “។ មន្ត្រីតុលាការដដែលបានបន្តថាការដែលអាជ្ញាធរមូលដ្ឋាននិងក្រុមឈ្មួញនៅតែបន្តសកម្មភាពមានន័យថាប្រឆាំងទៅនឹងច្បាប់ដែលធ្វើឲ្យមានការប៉ះពាល់ដល់សេចក្តីសម្រេចរបស់តុលាការ យោងតាមមាត្រា ៥២០ – បទបដិសេធការអនុវត្តសេចក្តីសម្រេចរបស់តុលាការ”អំពើរបស់អ្នករាជការសាធារណៈ ក្នុងមុខការរបស់ខ្លួន ដែលមិនព្រមអនុវត្ត សាលដីកា សាលក្រម ដីកា ឬរាល់បញ្ជារបស់អាជ្ញាធរតុលាការ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល “។លើសពីនេះទៅទៀតយោងតាម
មាត្រា ៥២៣ – បទធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ”អំពើរិះគន់លិខិត ឬសេចក្តីសម្រេចរបស់តុលាការ ក្នុងគោលដៅបង្កឱ្យមាន ភាពវឹកវរដល់សណ្តាប់ធ្នាប់សាធារណៈ ឬក៏បង្កឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃ ព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦(ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ១០០ ០០០ (មួយសែន) រៀល ទៅ ១ ០០០ ០០០ (មួយលាន) រៀល “។ អំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ ត្រូវផ្តន្ទាទោសដូចគ្នានឹងទោសដែលមានចែង ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ អ្នកយកព័ត៌មានយើងបានទៅផ្តិតយករូបភាពឃើញថាសកម្មភាពក្រុមឡាននៅតែបន្តដឹកអាចម៍ដីយ៉ាងគគ្រឹកគគ្រេងមិនអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការឡើយ។ សកម្មភាពបែបនេះធ្វើឱ្យភាគីពាក់ព័ន្ធមានការមន្ទិលសង្ស័យទៅលើអាជ្ញាធរស្រុកសំរោងទង ថាមិនយកចិត្តទុកដាក់បណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញធ្វើសកម្មភាពតាមតែអំពើចិត្ត។ ពេលនេះមហាជនក៏ដូចជាមន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងតែរង់ចាំមើលចំណាត់ការរបស់អាជ្ញាធរស្រុកសំរោងទងតើហ៊ានចាត់ការទៅលើក្រុមឈ្មួញចាក់ដីទាំងនោះដែរឬយ៉ាងណាស្របពេលដែលទីតាំងមួយនោះមានដីការក្សាការពាររបស់តុលាការរួចស្រេចទៅហើយ ឬមួយក៏អាជ្ញាធរក៏ដូចជាលោកស្វាយសារុនខ្លាចអំណាចមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺឬក៏ខ្លាចអំណាច មន្ត្រីយោធាបំរើការខាងអភិវឌ្ឍន៍ក្រសួងការពារជាតិបានចេះតែសំងំស្ងៀមបណ្ដោយឲ្យមានសកម្មភាពបែបអនាធិបតេយ្យនេះទៅវិញ ។
ជាក់ស្តែងនៅរសៀថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះដែរតំណាងលោកទឹម គឹមសាន បានយកពាក្យបណ្តឹងមួយច្បាប់ទៅដាក់នៅរដ្ឋបាលស្រុកសំរោងទង តែត្រូវបានមន្ត្រីរដ្ឋបាលបដិសេធមិនព្រមទទួលឡើយ។ការមិនព្រមទទួលពាក្យបណ្តឹងរបស់លោកទឹម គឹមសាន បានបញ្ជាក់ឲ្យឃើញពីភាពកំសោយរបស់រដ្ឋបាលស្រុកសំរោងទងយ៉ាងខ្លាំង។
ពាក់ព័ន្ធការលើកឡើងខាងលើនេះដែរ លោក ស្វាយ សារុន អភិបាលរងស្រុកនិយាយថា លោកបានចូលរួមជាមួយមន្ត្រីតុលាការដើម្បីទប់ស្កាត់រក្សាការពារ ក្រុមហ៊ុនដែលចាក់អាចម៍គ្រោងធ្វើរោងចក្រមែន។ ប៉ុន្តែលោកមិនទាន់ទទួល បានព័ត៌មានថា ក្រុមរថយន្តដឹកដីនៅចាក់បន្តទៀតនោះទេ។ លោកបានឱ្យឃុំចុះទៅពិនិត្យមើល ប្រសិនបើ ក្រុមរថយន្តដឹកអាចម៍ដីនៅតែបន្តទៀត លោកនឹងមានវិធានការតាមផ្លូវច្បាប់ហើយ៕ ដោយ៖ចៅចិត្ត
Leave a Reply