ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ណែនាំឱ្យនាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្ម ចុះបង្ក្រាបនូវរាល់ទីតាំងល្បែងសុីសងខុសច្បាប់ទាំងអស់ និងបានជំរុញឱ្យមន្ត្រីជំនាញត្រូវបន្តសហការជាមួយកម្លាំងជំនាញនៅតាមបណ្តារាជធានី-ខេត្ត ស្រាវជ្រាវ តាមដានភូមិសាស្រ្តដែលមានលបលួចបេីកល្បែងសុីសងខុសច្បាប់ ជាមួយគ្នានោះត្រូវដាក់ចេញនូវផែនការបង្ក្រាប ជាពិសេសល្បែងភ្នាល់តាមអនឡាញ ដោយយកការងារនេះជាការងារស្នូលសម្រាប់នាយកដ្ឋាន។
ការណែនាំនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ នាយកដ្ឋានប្រឆាំងបទល្មេីសល្បែងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៥ និងលេីកទិសដៅការងារឆ្នាំ២០២៦ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ នៅសាលប្រជុំនាយកដ្ឋានប្រឆាំងបទល្មើស ល្បែងពាណិជ្ជកម្ម។
លោកបានបន្តថា ការងារដែលនៅសេសសល់ត្រូវពិនិត្យមេីល ដេីម្បីដាក់ចេញផែនការដោះស្រាយ, ត្រូវធ្វេីរបាយការណ៍ស្តីពីវឌ្ឍនភាពការអនុវត្តចំណារ និងគោលការណ៍របស់ថ្នាក់ដឹកនាំរៀងរាល់សប្តាហ៍ និងប្រចាំខែ, ត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ចំពោះព័ត៌មានជាតិ និងអន្តរជាតិពាក់ព័ន្ធScam Online និងផ្សព្វផ្សាយបន្តពាក់ព័ន្ធការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងប្រមូលផ្តុំ ជាពិសេសអនុវត្តន៍ឱ្យបានមុឺងម៉ាត់តាមអនុសាសន៍សម្តេចមហាបវរធិបតី លេីការងារចូលរួមសាមគ្គីលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ត្រូវបន្តអនុវត្តន៍បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បង្កេីនការស្រាវជ្រាវស៊េីបអង្កេត និងត្រូវចាត់វិធានការបន្ទាន់ ចុះអន្តរាគមន៍តាមសំណេីពីគ្រប់ប្រភព ជាពិសេសសំណេីពីគ្រប់ស្ថានតំណាង រឺស្ថានទូតនានាលេីបទល្មេីសគ្រប់ប្រភេទ(បទល្មេីសតាមប្រព័ន្ធបច្ចេកវិទ្យា)។

ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានផ្ដល់អនុសាសន៍ដឹកនាំមួយចំនួនដូចខាងក្រោម ៖
១- ចូលរួមអនុវត្តឱ្យខានតែបាន អនុក្រឹត្យ ០៣អនក្រ.បក ស្តីពីការគ្រប់គ្រងសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្តុំ
២- អនុវត្តឱ្យបានម៉ឺងម៉ាត់តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី លើការចូលរួមសាមគ្គីលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online)
៣- ណែនាំដល់មន្រ្តីត្រូវយកចិត្តទុកដាក់ពិនិត្យអាជ្ញាបណ្ណតាមបណ្តាកាស៊ីណូ និងទីតាំងជាក់ស្តែង ព្រោះកាស៊ីណូខ្លះមានអាជ្ញាបណ្ណ បន្តែគោលបំណងផ្សេងៗ ជាពិសេស Scam Online
៤- ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក៏ដូចជាពង្រឹងវិន័យ វត្តមានរបស់មន្រ្តី និងការងារតាមការិយាល័យជំនាញ តាមរយៈការបែងចែកភារកិច្ចដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់រូបមានសមត្ថភាព
៥- បន្តជំរុញលេីកទឹកចិត្តចុះសាកសួរសុខទុក្ខចំពោះមន្ត្រីដែលមានជំងឺឈឺស្កាត់សម្រាកនៅផ្ទះរឺនៅតាមមន្ទីរពេទ្យជាដេីម
៦- ពិនិត្យ និងរៀបចំស្នើគ្រូបង្គោល ជាពិសេសពីក្រៅប្រទេស មកបង្ហាត់បង្ហាញជូនមន្ត្រីជំនាញ ក្នុងនាយកដ្ឋាន
៧- បន្តតាមដាន និងកំណត់មុខសញ្ញា ទីតាំងលបលួចបើកល្បែងស៊ីសងខុសច្បាប់ និងដាក់ចេញផែនការបង្ក្រាប ជាពិសេសល្បែងភ្នាល់តាមអនឡាញ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងល្បែងបែបប្រពៃណី ដូចឆ្នោត ឡូតូជាដើម
៨- មន្ត្រីនគរបាលដែលស្ថិតនៅក្នុងក្រុមប្រតិបត្តិការជំនាញទាំង២ក្រុម ត្រូវគោរពតាមបទបញ្ជាប្រធានក្រុម និងគោរពអនុវត្តការងារស្របតាមនីតិប្រតិបត្តិស្តង់ដារ (SOP)
៩- មន្ត្រីនគរបាល ដែលបំពេញបេសកកម្មតាមបណ្តាស្នាក់ការ ជាប់ព្រំដែនកម្ពុជា-ថៃ គួរតាមដាន និងក្តាប់សភាពការណ៍ ដោយយកចិត្តទុកដាក់ ព្រមទាំងប្រុងប្រយ័ត្នខ្ពស់ជានិច្ច
១០- លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋាន ដែលជាកម្លាំងជួរក្រោយ គួរបន្តជួយគាំទ្រកងកម្លាំងជួរមុខ
១១- ជំរុញឱ្យមានកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានការងារ និងមានរបាយការណ៍ជូនដល់ថ្នាក់ដឹកនាំ។










