ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ចូលរួមបើកសម្ពោធ ឆ្នាំកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ចិន ជាផ្លូវការលើកដំបូង ក្នុងឆ្នាំ២០១៧ នៅប្រទេសហ្វីលីពីនឲ

3 months ago     141     រ័ត្ន

ប្រទេសហ្វីលីពីន៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា រួមជាមួយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងចិន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧នេះ បានបើកសម្ពោធជាផ្លូវការ ឆ្នាំកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ចិន ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្រោមអធិបតីលោក វ៉ាង យ៉ាង ឧបនាយករដ្ឋមន្ត្រី នៃសាធារណប្រជាមានិតចិន រួមជាមួយលោក លីម ហុងហីន អគ្គលេខាធិការរងអាស៊ាន។

ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា ឆ្នាំកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ចិន ទើបបានសម្ពោធប្រកាសជាផ្លូវការ លើកដំបូង នៅឆ្នាំ២០១៧ នេះ ដោយប្រទេសហ្វីលីពីន បានទទួលធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំពិសេសស្ថាប័នជាតិទេសចរណ៍អាស៊ាន-ចិន ដោយបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីកំណើនដ៏មានសារសំខាន់ នៃលំហូរទេសចរទៅវិញទៅមក រវាងអាស៊ាន និងចិន ដែលបានកើនឡើងដល់ ជាង៣០លាននាក់ ក្នុង​ឆ្នាំ២០១៦។

កិច្ចប្រជុំនេះ បានស្វាគមន៍វឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀងការដឹកជញ្ជូន តាមផ្លូវអាកាសអាស៊ាន-ចិន ដែលបានធ្វើឲ្យប្រសើរឡើង នូវការតភ្ជាប់តាមផ្លូវអាកាស រវាងអាស៊ាន-ចិន ដែលមកដល់បច្ចុប្បន្ននេះ មាន៣៧ទីក្រុងអាស៊ាន ត្រូវបានតភ្ជាប់រួចហើយ តាមផ្លូវអាកាសទៅកាន់ទីក្រុងចំនួន ៥២ទីក្រុង របស់ប្រទេសចិន ដែលមានប្រមាណ ៥,០០០ជើងហោះហើរត្រង់ ក្នុងមួយសប្តាហ៍។

កិច្ចប្រជុំក៏ជំរុញឲ្យគណៈកម្មាធិការពាក់ព័ន្ធ និងសហប្រតិបត្តិការអាស៊ាន-ចិន បង្កើនសកម្មភាពឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្លាំងក្លាថែមទៀត ​ក្នុងកិច្ចការលើវិស័យអាកាសចរណ៍ ដើម្បីទ្រទ្រង់ដល់កំណើន នៃលំហូទេសចររវាងចិន ​និងអាស៊ាន។

លោករដ្ឋមន្ត្រដីបានបន្ថែមថា ឆ្នាំ២០១៦ ទេសចរចិន ធ្វើដំណើរលើពិភពលោក ១២៨លាននាក់​ក្នុងនោះទេសចរចិន មកអាស៊ានប្រមាណ ២០លាននាក់ ក្នុងកំណើន ៦.៤ភាគរយ រីឯទេសចរអាស៊ានទៅចិន​មានចំនួន ១០.៣៤លាននាក់ ក្នុងកំណើន ៥៧.៨ភាគរយ កម្ពុជាទទួលបានទេសចរចិនប្រមាណ ៧០ម៉ឺននាក់ ហើយឆ្នាំ២០១៦ ទទួលបានទេសចរចិន ៨៣ម៉ឺននាក់ ក្នុងកំណើន ១៩.៥ភាគរយ។ កម្ពុជាសង្ឃឹមថា ឆ្នាំ២០១៧ នឹងទទួលបានទេសចរចិនប្រមាណ ១លាននាក់ និងឆ្នាំ២០២០ អាចនឹងទទួលទេសចរណ៍ចិនយ៉ាង​តិច ២លាននាក់។

តាមរបាយការណ៍របស់អង្គការទេសចរពិភពលោក UNWTO ឆ្នាំ២០២០ ទេសចរ ​និងធ្វើដំណើរលើពិភពលោក ចំនួន២០០លាននាក់ ហើយចំណាយប្រមាណ ៤២០លានដុលា្លរ។

សូមជម្រាបថាក្នុងរយៈពេល២ខែ មករា-កុម្ភៈ ដើមឆ្នាំ២០១៧ ក​ម្ពុជាទទួលបានទេសចរអន្តរជាតិ ១០២៥,៥២១នាក់ ក្នុងកំណើន ១២.១ភាគរយ ក្នុងនោះទេសចរចិន មានចំនួន ១៧២,៤៣៨នាក់ ក្នុងកំណើន ១៦.៧ភាគរយ។ ដោយឡែក ឆ្នាំ២០១៦ ទេសចរហ្វីលីពីន ធ្វើដំណើរមកកម្ពុជាមានចំនួន ១០៨,០៣២នាក់ ក្នុងកំណើន ២៣.៦ភាគរយ (ឈរលំដាប់ទី១២)៕

ដក​ស្រង់​ពី​៖ PAGE.ក្រសួង​ទេសចរ​ណ៍​.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​.VD7