ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

រដ្ឋមន្រ្តីទេសចរណ៍ ព្រមានដកអាជ្ញាបណ្ណ និងពិន័យលើម្ចាស់អាជីវកម្មណា ដែលមិនបិទថ្លៃទំនិញ និងសេវា នាឱកាសបុណ្យចូលឆ្នាំខ្មែរ

3 months ago     138     រ័ត្ន

ភ្នំពេញ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានព្រមានយ៉ាងជាក់ច្បាស់ថា ក្រសួងនឹងដកអាជ្ញាបណ្ណអាជីវកម្ម និងធ្វើការផាកពិន័យ លើម្ចាស់អាជីវកម្ម ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ភោជនិយដ្ឋានណា ដែលមិនព្រមបិទតារាងថ្លៃសេវារបស់ខ្លួន តាមស្ដង់ដារ និងលក្ខខណវិនិច្ឆ័យត្រឹមត្រូវ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពិសេសក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខ។

ថ្លែងក្នុងឱកាសជួបពិភាក្សាជាមួយ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ ដើម្បីទទួលបានអនុសាសន៍ផ្សេងៗ ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ឲ្យកាន់តែប្រព្រឹត្តទៅមានភាពល្អប្រសើរ ប្លែក និងពិសេសជាងមុន នៅទីស្ដីការក្រសួងទេសចរណ៍នោះ លោកបណ្ឌិត ថោង ខុន បានថ្លែងការកោតសរសើរចំពោះសសយក ដែលបាន ដឹកនាំនិងរៀបចំព្រិត្តិការណ៍អង្គរសង្ក្រានប្រកបដោយជោគជ័យ ៤ លើករួចមកហើយ នៅតំបន់ប្រាសាទអង្គរ ដែលជា បីតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់យើង។

ក្រៅពីការចូលរួមទ្រទ្រង់ ដូចជាការផ្សព្វផ្សាយ សកម្មភាពកីឡា ការជំរុញចលនាយុវជននិងទីក្រុងស្អាត ។ល។ ឯឧ រដ្ឋមន្ត្រីបានលើកឡើងថា ការពង្រឺងការគ្រប់គ្រង និង អភិវឌ្ឍន័ទីក្រុងសៀមរាបអង្គរដែលជាទីក្រុងបិតិកភណ្ឌមួយនិងជាទីក្រុងទេសចរណ៍ដ៏ធំរបស់ប្រទេសជាតិ ហើយដែលជាច្រកចូលសំខាន់ទៅកាន់តំបន់ អង្គុរ ក៏ចាំបាច់ត្រូវរួមគ្នាធ្វើអោយមានសន្តិិសុខ អនាម័យ សណ្តាប់ធ្នាប់ កែលំអ សោភ័ណភាពទីក្រុង សោភណ្ឌភាពដងស្ទឺង អោយបានល្អជាងឆ្នាំមុន ពិសេសសិក្សាយ៉ាងណាដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាអោយទីក្រុងនេះស្អាតជាងឆ្នាំមុន ផ្លូវដីមួយចំនួនក៏គប្បីចាក់ក្រាលកៅស៊ូអោយបានច្រើនជាងឆ្នាំមុន។ព្រមជាមួយនោះគោលដៅទេចរណ៍ ផ្សេងៗទៀត នៅជុំវិញ ដូចជាភ្នំគូលែន បឹងទន្លេសាប សហគមន៍ទេសចរណ៍នានា ក្រសួងនឹងខិតខំសហការជាមួយអាជ្ញាធរនិងស្ថាប័នពាក់ពាន់ធ្វើអោយមានការអភិវឌ្ឍន៏និងគ្រប់គ្រងអោយបានល្អជាងឆ្នាំមុន។ល។

ទាក់ទងនិងការឡើងថ្លៃសេវាស្នាក់នៅ ម្ហូបអាហារក្នុងពេលបុណ្យទាន ឯឧ រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជាកាតព្វកិច្ចនិង គោលការណ៍ ដើម្បីអោយស្របតាមច្បាប់ទេសចរណ៍និងស្របទៅនឺង លក្ខណវិនិច្ឆ័យនៃការធ្វើអាជីវកម្ម គ្រប់មូលដ្ឋានអាជីវកម្មនិងសេវាកម្មទេសចរណ៍ទាំងអស់ ត្រូវបិទឬដាក់តាំងតារាងថ្លៃសេវានិងម្ហូបអាហាររបស់ខ្លួន អោយបានច្បាស់( ចៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ)ដើម្បីងាយស្រួលដល់សមត្ថកិច្ចតាមដាននិងត្រួតពិនិត្យ។

ក្រសួងទេសចរណ៍នឹងដាក់ចេញនូវប្រកាសនេះដើម្បីរំលឹកអោយគ្រប់មូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍ទាំងអស់ដាក់តាំងតារាងតម្លៃ សេវានិងម្ហូបអាហារ ។ មូលដ្ឋានអាជីវកម្ម និង សេវាកម្មណាមិនអនុវត្តន៏ គឺមិន អាចប្រកបអាជីវកម្មបានទេគឺក្រសួងទេសចរណ៍នឹងមិនផ្តល់អាជ្ញបណ្ណទេសចរណ៍បន្ត ឬ អាជ្ញាបណ្ណទេសចរណ៍ថ្មីឡើយ។ គ្មានអាជ្ញាបណ្ណទេសចរណ៍គឺជាការរកសុីខុសច្បាប់ ។

ឯឧ រដ្ឋមន្ត្រី បានសំណូមពរ អោយគ្រប់មូលដ្ឋានអាជីវកម្មធ្វើការពង្រឹងសេវាកម្មអោយបានល្អ ប្រកបដោយគុណភាព និងផ្តល់ដល់ទេសចរប្រកបដោយការពេញចិត្ត។បុគ្គលិកបំរើការ ត្រូវមានឯកសណ្ឋានអោយបានល្អ។ព្រមជាមួយនេះ ឯឧរដ្ឋមន្ត្រី ក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋ ជួយរៀបចំផ្ទះសំបែង អោយទេសចរ ជួលស្នាក់នៅ។ម្យ៉ងទៀតអនុវត្តន៏តាមអនុសាសន៏ណែនាំខ្ពង់ខ្ពស់របស់សម្តេចតេជោ សុំអោយ អាជ្ញាធរសិក្សារៀបចំដីទំនេរអោយបាន ២ឬ៣ហិតាដើម្បីសំរូលអោយប្រជាពលរដ្ឋដែលពុំអាចមានលទ្ឋភាពរកបានកន្លែងស្នាក់នៅ ចូលស្នាក់នៅដោយរៀបចំអោយមាន ប្រពន្ឋ័ទឹក ភ្លើង បង្គន់អនាម័យអោយបានគ្រប់គ្រាន់ ។ឯឧ រដ្ឋមន្ត្រី ក៏បានសំណូមពរអោយមូលដ្ឋានអាជីវកម្ម សេវាកម្ម ទេសចរណ៍កុំបិទអាជីវកម្មនៅពេលបុណ្យអង្គរសង្ក្រានអោយសោះ ដោយគួររៀបចំគោលនយោបាយល្អ អោយបងប្អូន នយោជិក បុគ្គលិក ឈប់សំរាកនៅក្រោយពេលបុណ្យ ជាការល្អប្រសើរ។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លើកទី៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៧ ខាងមុខ ពោលគឺស្របពេលជាមួយថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែរ ដែលឆ្នាំនេះខាង ស.ស.យ.ក បញ្ជាក់ថា មានកម្មវិធីកម្សាន្តៗជាច្រើនប្លែកពីឆ្នាំមុនៗ៕

ដក​ស្រង់​ពី​៖ PAGE.ក្រសួង​ទេសចរ​ណ៍​.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​.VD7