ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

បទល្មើស​ព្រៃឈើ​កម្រើក​វិញ​ហើយ នៅ​ស្រុក​កោះ​ញែក ដោយមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ (វីដេអូ)

2 months ago     144     កញ្ញា

ខេត្តមណ្ឌលគិរី ៖ តាម​ប្រភព​ព័​ត៍​មាន​ច្បាស់​ការណ៍​បានឱ្យដឹងថា នៅក្នុង​ស្រុក​កោះ​ញែក ក្នុង​មួយយប់ៗ មាន​រថយន្ត​ដឹកឈើ មិន​ក្រោម១០គ្រឿង​នោះទេ ដែល​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ យក​ចេញពី​ក្នុងស្រុក​កោះ​ញែក ។

ប្រភព​បានឱ្យដឹង​ទៀតថា រថយន្ត​ធ្វើការ​ដឹកជញ្ជូន​ឈើ​ខាងលើ ជា​រថយន្ត​របស់​ឈ្មួញ​ឈ្មោះ មី ជា​មន្ត្រីប៉ូលិស​ស័ក្ក៣ នៅ​ខេត្តរតនៈគិរីហើយ​លោក​ស័ក្ក៣រូបនេះ បានមក​រកស៊ី​ដឹកឈើ នៅក្នុង​ស្រុក​កោះ​ញែក​យ៉ាងសកម្ម មិនដែល​ឃើញ​អស់លោក​សមត្ថកិច្ច និង​ជំនាញ​ធ្វើការ​បង្ក្រាប​ម្តងណា​ឡើយ​ដែល​ធ្វើឱ្យ​ឈ្មួញ​ឈើ​រូបនេះ ធ្វើការ​ដឹកជញ្ជូន​ឈើ​យ៉ាង​អានាធិបតេយ្យ។

ប្រភព​បានឱ្យដឹង​បន្តថា លោក​ប៉ូលិស​ស័ក្ក៣នេះ រកស៊ី​ដឹកឈើ​យូរណាស់​មកហើយ ដោយ​យកលុយ​ទៅ​បិតមាត់​សមត្ថកិច្ច និង​ជំនាញ ដើម្បី​កុំឱ្យ​ចាប់​រថយន្ត​ដឹកឈើ​របស់ខ្លួន។ ជុំវិញ​ទៅនឹង​ការដឹកជញ្ជូន​របស់​ឈ្មួញ​ដុះ​ស្លែ​រូបនេះ មិនដឹងថា​លោក មើល សឿន អភិបាលស្រុក​កោះ​ញែ កបាន​ជ្រាប​ដែរ​ឬ​អត់ ឬមួយ​ក៏​ធ្វើ​មិនដឹងមិនលឺ​ទេ ពីព្រោះ​ការដឹកជញ្ជូន​ឈើ​នេះ មាន​ជា​រៀងរាល់​យប់​នៅក្នុង​ស្រុក​លោក។

បើតាម​ការ​ខ្សិ​ប​ប្រាប់​ឱ្យដឹងពី​ពលរដ្ឋ ​នៅក្នុង​ស្រុក​កោះ​ញែក​ថា ពេល​សមត្ថកិច្ច​ចុះ​ធ្វើការ​បង្ក្រាប​រថយន្ត​ដឹកឈើ បាត់​ក្បាល​ពួក​ឈ្មួញ​អស់រលីង ដោយសារ​ពេល​ចុះបង្ក្រាប របស់​កម្លាំង​សមត្ថកិច្ច និង​ជំនាញ​មាន​ដង្កូវ​ក្នុង​សាច់ ដែល​ទទួលបាន​លាភសក្ការៈ​ពី​ក្រុម​ឈ្មួញ។ ពលរដ្ឋ​សង្ឃឹមថា លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី និង​មាន​វិធានការ ចំពោះ​ករណី​ដឹកឈើ​ខុសច្បាប់​នេះ ពីព្រោះ​អស់លោក​សមត្ថកិច្ច និង​ជំនាញ​បាន​ឃុបឃិត​គ្នា ជា​លក្ខណៈ​ប្រព័ន្ធ​អស់ហើយ ។

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើនេះ ខាង​ភ្នាក់ងារ VD7Newsយើង បាន​ទំនាក់ទំនង​ទៅ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក​លើកឡើងថា លោក​និង​ដាក់បទបញ្ជា​ទៅ​គណៈ​អភិបាលស្រុក  និង​ចាត់ចែង​ឱ្យ​ចុះបង្ក្រាប រាល់​បទល្មើស​ទាំងឡាយ​ណា ដែល​កើតឡើង​នៅក្នុង​ស្រុក​នេះ និង​មិន​បណ្តែតបណ្តោយ​ឱ្យមាន​រាល់​បទល្មើស​កើតឡើង​នោះទេ៕ ដោយ រម​នា