ស្គាល់គ្នា​តាម​Face Bookបាន​កន្លះ​ខែ ឈានដល់​ធ្វើជា​សង្សារ​នឹង​គ្នា ណាត់ជួប​ដើរលេង ខាង​ប្រុស​ឆបោក​យក​ម៉ូតូ​ខាង​ស្រី​យកទៅលក់​បាត់ ត្រូវ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន

ខេត្តកណ្តាល ៖ ករណី​ឆបោក​ម៉ូតូ​មួយ បានកើត​ឡើង​នៅ​ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០១៧ នៅ​ចំណុច ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ។ ដែល​ជនរងគ្រោះ​ឈ្មោះ ស៊ា​វ ស្រី​នាង ភេទ​ស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ហើយ​ជនសង្ស័យ ឈ្មោះ ហេង វិសាល ភេទ​ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ មាន​ទីលំនៅ ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) ។

ជនរងគ្រោះ និង​ជនសង្ស័យ បាន​ស្គាល់គ្នា​តាមរយៈ Facebook មាន​រយៈពេល​ប្រមាណ​កន្លះ​ខែ​មកហើយ ដោយ​ជនសង្ស័យ កុហកថា​ខ្លួន​គឺជា​អ្នករកស៊ី​លក់ដូរ គ្រឿង​អាហារ​សមុទ្រ​នៅ​កំពង់សោម និង​គ្មាន​ប្រពន្ធ​កូន​នោះទេ ។ ក្រោយមក​ជនរងគ្រោះ​ដោយ​លង់​ជឿ​សម្ដី​របស់​ជនសង្ស័យ ក៏បាន​ព្រម​ធ្វើជា​សង្សារ ជាមួយនិង​ជនសង្ស័យ​តែម្ដងទៅ ។ លុះ​នៅ​ថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៧ ជនសង្ស័យ  បាន​សុំ​មកលេង​ផ្ទះ ជនរងគ្រោះ ដោយបាន​ទិញ មឹក បង្គា ក្របែល យកមក​ធ្វើ​អាហារ​ហូប​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ រួច​ក៏​ត្រឡប់ទៅផ្ទះ​វិញ ។

លុះ​នៅ​ព្រឹក ថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០១៧ ជនសង្ស័យ​បានមក​លេង ជនរងគ្រោះ​ម្ដងទៀត ដោយ​ណាត់​ជួបគ្នា​នៅ​ចំណុច វត្ត​កំពង់​គរ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ជនរងគ្រោះ បាន​យក​ម៉ូតូ​របស់ខ្លួន​ម៉ាក​ហុងដា​ស៊េរី​ឆ្នាំ២០១០ ទៅយក​ជនសង្ស័យ  រួច​បាននាំគ្នា​ដើរលេង​ក្នុង វត្ត​ទួល​ព្រះរាជា រួចហើយ​បាន​ចូលទៅ​លេង​ផ្ទះ ឈ្មោះ ចាន់ ថន (ហៅ​រស្មី)(ត្រូវជា​មេជាង​សម្អាងការ​របស់ ជនរងគ្រោះ) នៅ​ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល ។ រហូត​នៅវេលា​កើតហេតុ​ខាងលើ​ជនសង្ស័យ​បានឃើញ​ម៉ូតូ០១គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ២០១១ ពណ៌​ខ្មៅ​របស់​ឈ្មោះ ចាន់ ថន(ហៅ​រស្មី) ក៏បាន​ប្រើល្បិច​កុហក​សង្សារ​ខ្លួន​ឈ្មោះ ស្រី​នាង ថា ខ្លួន​មានការ​រវល់​ត្រូវ​ប្រ​ញ៉ាប់​ទៅ​ភ្នំពេញ​វិញ ក៏បាន​ឲ្យ​ជនរងគ្រោះ​ខ្ចី​ម៉ូតូ​របស់​ឈ្មោះ ចាន់ ថន(ហៅ​រស្មី)ជិះ​វិញ ព្រោះ​វា​មាន​កញ្ចក់​ត្រឹមត្រូវ​ងាយស្រួល​ជិះ​ចូល​រាជធានី​ភ្នំពេញ រួច​ជនរងគ្រោះ​ក៏បាន​ខ្ចី​ម៉ូតូ​មេជាង​របស់ខ្លួន​ជិះ​ទៅ​ភ្នំពេញ​ជាមួយ​ជនសង្ស័យ​តែម្ដង ។

នៅពេល​ដល់​ភ្នំពេញ​ជនសង្ស័យ​ក៏បាន​ប្រើល្បិច​កុហក ជនរងគ្រោះ​ទៀតថា ខ្លួន​ត្រូវការ​ជិះ​ម៉ូតូ​ទៅយក​ឥ​វ៉ាន់​គេ​ផ្ញើរ​មក ដោយ​ទុក​ឲ្យ​ឈ្មោះ ស្រី​នាង នៅ​រង់ចាំ​នៅ​ហាង​កាហ្វេ​មួយកន្លែង​ក្បែរ វិមានឯករាជ្យ ហើយ​ខ្លួន​ក៏​យក​ម៉ូតូ​នោះ​ទៅ​កាច់​ស្លាក​លេខ​ចោល រួច​ឡើង​តែម​ស៊េរី​ឆ្នាំ២០១៥ ហើយ​យកទៅលក់​ឲ្យ​គេ​បាត់ ។ ចំណែក​ជនរងគ្រោះ​ដោយ​រង់ចាំ​យូ​ពេក ទំនាក់ទំនង​ពុំបាន ក៏​ត្រឡប់មកផ្ទះ​វិញ​តែម្ដង ។ រហូត​នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ វេលា​ម៉ោង ០៩និង៣០នាទី ទើប​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង សមត្ថកិច្ច​ជំនាញ​ស្រុក​កោះធំ រួម​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ស្រាវជ្រាវ​រហូត​បាន​ព័ត៌មាន​ថា ជនសង្ស័យ​នៅក្នុង ភូមិ​ព្រែក​ពោធិ៍ ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្ដាល ពេលនោះ​កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​នគរបាល​ស្រុក​ស្អាង ចុះ​ឃាត់ខ្លួន​ឈ្មោះ ហេង វិសាល នៅផ្ទះ​របស់គេ ក្នុងភូមិ​ព្រែក​ពោធិ៍ ។ ជនសង្ស័យ ហេង វិសាល​បាន​សារភាពថា ខ្លួន​ពិតជា​បាន ឆបោក​យក​ម៉ូតូ​របស់ ឈ្មោះ ស៊ា​វ ស្រី​នាង ដែល​ខ្ចី​ពី​គេ​នោះ ប្រាកដ​មែន។ វត្ថុតាង​ចាប់បាន ម៉ូតូ០១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ២០១១ ឡើង​តែម ឆ្នាំ២០១៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ មាន​លេខ​តួ និង លេខ​ម៉ាស៊ីន ៨៥៩៩៣៣៩ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ម៉ូតូ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕  ដោយ VD7

5bccb909-ac58-4eb2-b1d1-2c67c2f9421d cefd134b-2eb5-4ec2-8b3e-ca40fed6139b

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 28299 នាក់

ម្សិលមិញ 21646 នាក់

សរុប 10596976 នាក់