ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការបានប្រាប់ឱ្យដឹងថា ខុនដូ មុីឡាន កុងគ័ន ស្ថិតនៅតាមផ្លូវណតរ៍ប៊្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាសំបុកលេងល្បែងសុីសងខុសច្បាប់ដ៏ធំមួយកន្លែងដែលមានបៀរអុងឌូ សុីគូថៃ និងល្បែងផ្សេងទៀតដ៏ធំ កំពុងត្រូវបានក្រុមអ្នកលេងល្បែង លេងភ្នាល់ចាក់ប្រាក់ ចាញ់ឈ្នះ រាប់ពាន់ដុល្លារ ក្នុងមួយថ្ងៃៗ ។ ដែលមានឈ្មោះ ប៊ូ សុខេន ហៅ ចែមុំ ជាមេខ្លោង កំពុងតែបើកដំណើរការយ៉ាងរលូន ។ ប្រភពព័ត៌មានបានបន្តទៀតថា ទីតាំងខាងលើនេះ គឺគេលេងនៅជាន់ទី ៦ ដោយអនុញ្ញាតឲ្យអ្នកលេងដាក់ឡាន និងម៉ូតូ នៅកន្លែងផ្សេងគ្នា ឬជិះម៉ូតូកង់បីមកលេង ដោយបន្លំភ្នែកសមត្ថកិច្ច ធ្វើដូចជាស្ងប់ស្ងាត់ណាស់ ។ ប៉ុន្តែខាងក្នុងវិញគឺកំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង ។ ចំពោះអ្នកចេញចូលត្រូវតែមានកាតឡើងជណ្តើរយន្ត និងជនប្លែកមុខ ឬមិនសូវស្គាល់ច្បាស់ គេមិនអនុញ្ញាតឲ្យយកទូរសព្ទដៃចូលនោះទេ ។ ប្រភេទល្បែងដែលភ្នាល់លេងនោះ មានលេងបៀរអុងឌូ ក្នុង ១ទឹកចាប់ ១០ម៉ឺនរៀល ឡើងទៅ និងមានល្បែងផ្សេងទៀត មានទាំងជនជាតិចិនផងដែរ ។
ទាក់ទិននឹងករណីល្បែងស៊ីសងខុសច្បាប់រាជរដ្ឋាភិបាលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។ ក្រុមការងារមួយនេះមានតួនាទីភារកិច្ចដូចជា រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តបង្រ្កាប នូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្រ្កាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកអត្ថិភាព នៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំង លេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដើម្បីសហការចាត់វិធានការ បង្រ្កាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន ៕