ខេត្តព្រះសីហនុ៖ ចៅក្រមទទួលបន្ទុកសំណុំរឿងសាលាដំបូងខេត្តព្រះសីហនុ បានចេញដីការក្សាការពារលើសំណង់អាគារកាស៊ីណូមួយកន្លែង ដែលមានទីតាំង នៅភូមិ១ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ការចេញដីការក្សាការពារសំណង់អាគារដ៏ធំមួយនេះជាលើកទីមួយ ហើយនៅក្នុងខេត្តព្រះសីហនុ ដែលធ្វើឡើងកាលពីវេលាម៉ោង ៣:០០នាទីថ្ងៃទី២ ខែកញ្ញាឆ្នាំ ២០១៩។ ក្នុងដីការក្សាការពារ របស់ម្ចាស់បំណុលឈ្មោះ ឈិនគួ ឈីង ដែលជាអ្នកម៉ៅការសំណង់ អាគារ មានទីតាំងស្ថិតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានប្ដឹង ទៅលើឈ្មោះ តាំង អ៊ួយ អាយុ ៨១ឆ្នាំ សញ្ជាតិខ្មែរជនជាតិចិន ជាម្ចាស់អាគារ(ម្ចាស់ផ្ទះ) ឈ្មោះ (កា ជីនកាង ហូរថេល) ដែលមានកំពស់ជាង ៣០ ជាន់កំពុងបើកដំណើរការកាស៊ីណូនិងសណ្ឋាគារ។
បើតាមពាក្យបណ្ដឹងលោក ឈិន គូឈីង អាយុ ៥៥ ឆ្នាំសញ្ជាតិខ្មែរជនជាតិចិន ដែលជាអ្នកម៉ៅការសំណង់ដ៏ធំនេះបានឲ្យដឹងថា លោកបានទទួលម៉ៅការសំណង់ខាងលើ តាំងពីឆ្នាំ ២០១៨ ដោយចំណាយថវិកាថ្លៃសេវានិងសម្ភារៈសំណង់ អស់ចំនួន (មួយលាន ប្រាំរយពាន់ ដុល្លារ) ១៥០០០០០$ សហរដ្ឋអាមេរិក ប៉ុន្តែក្រោយការសាងសង់ត្រូវបានបញ្ចប់ ម្ចាស់សំណង់អាគារ មិនព្រមទូទាត់ សងប្រាក់សម្រាប់សម្ភារៈម៉ៅការ ឲ្យមកខ្លួនដែលជាអ្នកម៉ៅការសំណង់នោះទេ នៅពេលដែល លោកបានយកលិខិត បញ្ជី ការជំពាក់ថ្លៃសម្ភារៈនេះទៅ ទូទាត់ជាមួយម្ចាស់ផ្ទះ បែរជាត្រូវ ម្ចាស់ផ្ទះដែលជំពាក់នេះហែកបញ្ជីចោល និងបានប្ដឹងមកលោកថា បានក្លែង បញ្ជីជំពាក់បំណុល។ ដោយក្នុងពាក្យបណ្ដឹងនេះ លោក ឈិន គូឈីង បានប្ដឹងតបទៅម្ចាស់ផ្ទះ វិញថា គេចវេសក្នុងការសងប្រាក់ថ្លៃចំណាយទិញសម្ភារៈគ្រឿងសង្ហារឹមនិងសម្ភារៈសំណង់សម្រាប់សាងសង់អាគារមួយនេះ។
បើតាមមេធាវីតំណាងឲ្យកូនក្ដីឈ្មោះ លោក ឈិន គួឈីង បានឲ្យសារព័ត៌មានយើងដឹងថា អ្នកទាំងពីរ ពីដើមឡើយគឺជាមិត្តភក្កិ ប៉ុន្តែដោយសារទំនាស់ ក្នុងការសាងសង់ហើយមិនទូទាត់ថ្លៃចំណាយ លើសម្ភារៈសំណង់ ដែលម្ចាស់ផ្ទះ ត្រូវចំណាយឱ្យទៅ លោក ឈិន គួឈីង ទើបកើតការប្ដឹងផ្ដល់ ទារថ្លៃសំណងតាមប្រព័ន្ធផ្លូវតុលាការ យ៉ាងដូច្នេះ។ លោកបន្តថា កន្លងមកក៏មានការធ្វើការតវ៉ាពីសំណាក់កម្មករ ខ្មែរនិងជនជាតិចិនដែល ធ្វើការនៅក្នុងសំណង់ខាងលើនេះផងដែរ ក្រោយមកក៏បានទូទាត់ថ្លៃកម្មកររួចរាល់ ទើបបញ្ឈប់ការតវ៉ាទៅវិញ ប៉ុន្តែ ឈ្មោះ តាំង អ៊ួយ រហូតមកដល់ពេលនេះ នៅមិនទាន់សងថ្លៃសេវាការចំណាយលើសម្ភារៈគ្រឿងសង្ហារឹមនិងជាងម៉ៅការដទៃទៀតនៅឡើយទេ ទើបអ្នកម៉ៅការសំណង់សម្រេចដាក់ពាក្យប្ដឹងតែម្ដង។
បើតាមសេចក្ដីសម្រេចបញ្ចប់របស់តុលាការខេត្តព្រះសីហនុ សំណង់អាគារដែលមានឈ្មោះ (កា ជីនកាង ហូថេល)នេះ សម្រេចធ្វើការ ផ្អាកអាជីវកម្មទាំងស្រុង ដោយតម្រូវឲ្យម្ចាស់ សណ្ឋាគារកាស៊ីណូ ឈ្មោះ(កា ជីនកាង ហូថេល) នេះ សងប្រាក់ឲ្យគ្រប់ចំនួនឲ្យទៅឈ្មោះ ឈិន គូឈីង។ បើតាមប្រភពបានឲ្យដឹងថាអាគារ (កា ជីនកាង ហូថេល) ខាងលើនេះចំណាយទឹកប្រាក់ក្នុងការសាងសង់ (អស់ចំនួនជាង ៣០លានដុល្លារ) ប៉ុន្តែអ្វីដែល ជារឿងហេតុ គឺចំនួនទឹកប្រាក់តែជាង ១លានដុល្លារប៉ុណ្ណោះ ដែលធ្វើឲ្យកើតរឿងរ៉ាវប្ដឹងផ្ដល់ ឡើងតុលាការនៅពេលនេះ៕
Discussion about this post