ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្ត ក្រុមប្រឹក្សាខេត្តបានបើកកិច្ចប្រជុំសាមញ្ញលើកទី០១ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត ដើម្បីពិនិត្យនិងពិភាក្សាទៅលើរបៀបវារៈដែលរួមមាន៖
១. ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សណន ចុះថ្ងៃ ២៥ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា ។
២.ពិភាក្សាលើការរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ សម្រាប់រយៈពេល ១២ខែ គិតចាប់ពីកិច្ចប្រជុំប្រជុំសាមញ្ញលើកទី ២ ។
៣. ស្ដាប់របាយការណ៍របស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត អំពីលទ្ធផលនៃការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ក្នុងអាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត និងការងារសេសសល់រយៈពេល ០៣ខែ ដែលបានអនុម័តដោយក្រុមប្រឹក្សាអាណត្តិទី២ និងទិសដៅការងារដែលត្រូវអនុវត្តបន្ត ។
៤. បញ្ហាផ្សេងៗ
៥. មតិបូកសរុបបិទកិច្ចប្រជុំតែម្តង៕
Discussion about this post