ជាតិ

ប្រជាពលរដ្ឋជាង២០០នាក់ បានជួបជុំគ្នានៅមុខសាលាឃុំចុងផ្លាស់ សូមអោយអាជ្ញាធរជួយសម្របសម្រួលដល់ពួកគាត់

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋជាង២០០នាក់ បានជួបជុំគ្នានៅមុខសាលាឃុំចុងផ្លាស់ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ដើម្បីស្នើរសុំការអន្តរាគមន៏ពីប្រមុខរាជរដ្ឋាភិបាល ជាពិសេសគឺក្រសួងរ៉ែ នឹងថាមពល ដើម្បីសុំការអនុញ្ញាតច្បាប់ធ្វើរ៉ែមាសលក្ខណៈគ្រួសារអោយលើសពីជម្រៅ២០ម៉ែត្រ ក្រោយពួកគាត់ប្រឈមការបាត់បង់ប្រាក់ចំណូលចិញ្ចឹមជីវិត នឹងគ្រួសារប្រចាំថ្ងៃកន្លងមក។

បើតាមការបញ្ជាក់ពីលោក លឹម គុន មេឃុំចុងផ្លាស់ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមាបច្ចុប្បន្នមានអ្នករស់នៅចំនួនជិត២ ០០០គ្រួសារ ដែលពឹងផ្អែកអាស្រ័យទៅលើអាជីវកម្មជីករ៉ែមាសតាមបែបប្រពៃណីតាំងពីយូរលង់ណាស់មកហើយ តំបន់ពួកគាត់រស់នៅនេះជាប្រភេទដីថ្មភ្នំសុទ្ឋ គ្មានទឹក គ្មានជីវជាតិ មិនអាចបង្ករបង្កើនផលបាននោះទេ គឺអាចរស់រានបានដោយពឹងលើការជីករ៉ែ នឹងរបរលក់ដូរប៉ុណ្តោះ។

ប្រជាពលរដ្ឋដែលមកធ្វើការជួបជុំគ្នានៅមុខសាលាឃុំបាននិយាយថា ការមកនេះមិនមានចេតនាណាមួយបង្ករការលំបាកដល់អាជ្ញាធរនោះទេ ពោលគឺគាត់សុំត្រឹមការអនុញ្ញាតពីក្រសួងរ៉ែ នឹងថាមពល ជួយបង្ករភាពងាយស្រួលដល់ពួកគាត់អាចប្រកបរបរជីករ៉ែតាមបែបគ្រួសារ ដោយមិនមានការកំណត់ជម្រៅត្រឹម២០ម៉ែត្រ ដូចសព្វថ្ងៃព្រោះក្នុងជម្រៅនេះត្រូវបានគេជីកអស់រយៈពេល២០ទៅ៣០ឆ្នាំមកហើយ បើនៅតែកំណត់២០ម៉ែត្រគាត់មិនអាចជីកបានឡើយ។

មិនតែប៉ុណ្ណោះពួកគាត់បានទទូចស្នើរ សុំដល់សម្តេចតេជោនាយករដ្ឋមន្ត្រី មេត្តាជួយពិនិត្យលិទ្ឋភាពដល់ប្រជាពលរដ្ឋដែលជាកូនជាចៅរបស់សម្តេច ដើម្បីអាចប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយរលូន ពីព្រោះបើនៅតែមានបម្រាមទៀតនោះ អ្នកភូមិទាំងនេះនឹងជួបការខ្វះខាតក្នុងជីវភាពខ្លាំងណាស់។ពួកគាត់បានលើកឡើងបន្ថែមថា «ទីកន្លែងនេះជាតំបន់ដែលពួកខ្ញុំរស់នៅ និងប្រកបមុខរបរធ្វើរ៉ែមាស តាមបែបបុរាណលក្ខណៈគ្រួសារតាំងពីឆ្នាំ១៩៨៨មកម្លេះ រហូតដល់ឆ្នាំ២០១៥ ទើបក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ឋស្របច្បាប់លើការធ្វើអាជីវកម្មរ៉ែមាស(ទ្រង់ទ្រាយតូច)ដល់សហគមន៏សិប្បកររ៉ែមាសចុងផ្លាស់យើងខ្ញុំ ដោយកំណត់ជម្រៅមិនឲ្យលើសពី២០ម៉ែត្រ ។
ប៉ុន្តែរយៈពេលជាងពីរឆ្នាំមកនេះ ក្រោយពីពួកយើងខ្ញុំអនុវត្តន៏តាមការកំណត់ជម្រៅមិនឲ្យលើស២០ម៉ែត្រ គឺពុំទទួលបានទិន្នផលរ៉ែនោះទេ ម៉្យាងវិញទៀតពួកយើងខ្ញុំជាប្រជាពលរដ្ឋរស់នៅតំបន់នេះ គឺពឹងផ្អែកទាំងស្រុងលើមុខរបរធ្វើអាជីវកម្មរ៉ែមាស ជាចំបងសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ព្រោះថាដីតំបន់នោះជាតំបន់មិនអាចធ្វើកសិកម្មបាន ហើយដើម្បីឲ្យមានថវិកាចំណូលចូលជាតិ និងចំណូលសម្រាប់ពលរដ្ឋក្នុងខេត្ត។

នៅល្ងាចថ្ងៃទី៨ ខែឧសភាឆ្នាំ២០១៨ម្សិលមិញនេះតំណាងប្រជាពលរដ្ឋបានលើកឡើងក្នុងកិច្ចប្រជុំមួយរវាងអាជ្ញាធរខេត្តនឹងសហគមន៏រ៉ែថា សូមអោយអាជ្ញាធរជួយពិនិត្យនឹងដោះស្រាយលើករណីក្រុមហ៊ុនចិន ដែលកំពុងធ្វើកម្មភាពជីកខួងរណ្តៅរ៉ែមាស ចូលក្នុងតំបន់ដីប្រជាពលរដ្ឋ កាន់កាប់រហូតមានជម្រៅលើសពី១០០ម៉ែត្រ ឲ្យបញ្ឈប់សកម្មភាពជីកនោះ ព្រោះបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ នឹងកន្លែងជីករ៉ែរបស់ប្រជាពលរដ្ឋក្នុងភូមិ។

ប្រជាពលរដ្ឋដដែលបានបន្ត ថាដីរបស់ក្រុមហ៊ុនមានរហូតដល់ទៅជាង១.០០០ហិចតា សម្រាប់ជីករករ៉ែមាស តែពួកគាត់នៅតែទន្ទ្រានចូលក្នុងដីសហគមន៏ដែលមានមិនដល់៥០ហិចតាផងនោះ។

បន្ទាប់មកខាងប្រជាសហគមន៏បានសុំឲ្យអាជ្ញាធរជួយចាត់វិធានការលើក្រុមហ៊ុនចិន ដែលបានរំលោភលើអណ្តូងរ៉ែរបស់សហគមន៏ចំនួន៤ទីតាំង កាលពីឆ្នាំ២០១៧រហូតមក សូមឲ្យបញ្ឈប់ការជីករុករកបន្តទៀត និងសូមឲ្យខេត្តជួយពន្លឿនការចេញអាជ្ញារប័ណ្ណថ្មីដល់សហគមនន៏រ៉ែមាសចុងផ្លាស់។

ឆ្លើយតបជាមួយប្រជាពលរដ្ឋ អាជ្ញាធរខេត្តដែលដឹកនាំដោយលោក សុក សេរ៉ា នាយរងរដ្ឋបាលសាលាខេត្តបានសន្យាថា និងនាំយកសំណើររបស់ប្រជាពលរដ្ឋ ដាក់ជូនទៅថ្នាក់ដឹកនាំជាអ្នកសម្រេច ព្រោះអាជ្ញាធរគ្មានលទ្ឋិភាពសម្រេចលើការអនុញ្ញាតជូនប្រជាពលរដ្ឋបានឬមិនបាននោះទេ។អ្វីៗគឺត្រូវរង់ចាំមើលការចម្រេចចិត្តរបស់ក្រសួង នឹងថ្នាក់ដឹកនាំរដ្ឋាភិបាលសិន។

លោក តែ គីមសាន្ត តំណាងឲ្យសហគមន៏រ៉ែបានរំពឹងទុកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងមិនទុកឲ្យប្រជាពលរដ្ឋរបស់សម្តេចរស់នៅដោយពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវិតឡើយ។ក្នុងនាមលោកតំណាងដល់ប្រជាពលរដ្ឋក្នុងសហគមន៏ បានផ្ញើរក្តីសង្ឈឹមនឹងជោគវាសនាទាំងស្រុង របស់ប្រជាជនឃុំចុងផ្លាស់ លើឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ នឹងថាមពល នឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើការអនុញ្ញាឲ្យប្រជាជនក្នុងមូលដ្ឋានអាចជីករករ៉ែបានបន្តទៅទៀត៕ដោយ៖រមនា

SHARE
RELATED POSTS
អ្នកសង្កេតការណ៍អន្តរជាតិមកពី៥២ប្រទេសនឹងចូលឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា
អបអរសាទរពិធីប្រកាសចូល កាន់មុខតំណែងអភិបាលរងនៃគណះអភិបាលខេត្តកំពង់ឆ្នាំង…
ការ​ផ្ដល់ភាព​កក់ក្ដៅ​ដល់​ ពលរដ្ឋ​មូលដ្ឋាន​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ធ្វើឲ្យ​មានការ​កោតសរសើរ​យ៉ាងខ្លាំងពី ប្រជាពលរដ្ឋ​

Leave Your Reply

*