ជាតិ

សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៏សំណេះសំណាលជាមួយកម្មករ កម្មការិនីជិត៣ម៉ឺននាក់នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសនៅបាវិត ត្រូវបានសម្តេចបង្កើតដោយផ្ទាល់ដៃ ពោលសម្តេចជាឆ្មបនៃតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិតសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងក្រុងបាវិតមានចំនួន៨ ខណៈនៅទូទាំងខេត្តស្វាយរៀង មានចំនួន១១។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា នៅពេលសម្តេចអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ឈ្មោះ អ៉ិនធើវៀ អូតូម៉ូបាល អ៉ិនដាសស្ទ្រី ខមផ្លេកស៍ ស្ថិតនៅក្នុងក្រុងបាវិត
ដែលមានកម្មករប្រមាណជាង២៨,៥៨៤នាក់បានចូលរួមនៅព្រឹកថ្ងៃទី០៩ខែឧសភាឆ្នា២០១៨។
សម្តេចបានថ្លែងបន្តថា៖នយោបាយពីរដែលសម្តេចយកចិត្តទុកដាក់ខ្លាំងពីអតីតកាល គឺការប្រែក្លាយកម្ពុជា ពីតំបន់សង្គ្រាម ទៅជាតំបន់សន្តិភាព និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រាយរោងចក្រទៅតាមបណ្តាខេត្តសម្រាប់ផ្តល់ការងារជូនប្រជាពលរដ្ឋ គឺជារឿងត្រូវធ្វើបន្ទាប់ពីការពង្រាយសាលា ទៅតាមភូមិឋានរបស់ប្រជាពលរដ្ឋ ការរៀបចំប្រព័ន្ធដឹកជញ្ជូនមិនមែនធ្វើត្រឹមតែជាមួយប្រទេសជិតខាងថៃ ឡាវ និងវៀតណាមនោះទេ តែក៏ត្រូវគិតគូរក្នុងការរៀបចំ តភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជាមួយប្រទេសចិន និងបណ្តាប្រទេសដទៃទៀត។

សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងរំលឹកទៅកែរោងចក្រ សហគ្រាសទាំងឡាយថា ការផ្តល់ប្រាក់ខែគោលក្រោម១៧០ដុល្លារខុសច្បាប់ តែប្រាក់ខែគោលចាប់ពី ១៧០ដុល្លារ ឬលើសពីនេះមិនខុសច្បាប់នោះឡើយ។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា សម្តេចនិងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងខ្លាំងណាស់ក្នុងការរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងការបង្រួបបង្រួមជាតិ ព្រមទាំងប្រឹងប្រែងអភិវឌ្ឍន៍ជាតិកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សន្តិភាពគឺជាកត្តានាំឲ្យកម្ពុជាបង្កើតផលិតកម្ម រកការវិនិយោគ និងផ្តល់ការងារជូនប្រជាពលរដ្ឋ ព្រមទាំងការទាក់ទាញ ភ្ញៀវទេសចរផងដែរ។

សម្តេចតេជោ បានប្រាប់កម្មករ កម្មការិនីថា ប្រសិនបើចង់បន្តទទួលបានប្រាក់ឈ្នួលសម្រាប់ទ្រទ្រង់ជីវភាព ដំបូងគេត្រូវរក្សាឲ្យបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់ និងស្ថេរភាពសង្គម តម្លៃសន្តិភាព គឺធំធេងណាស់ ហើយវាមិនមែនមានតម្លៃសម្រាប់បុគ្គលណាម្នាក់នោះទេ គឺសម្រាប់មនុស្សគ្រប់រូប។

សម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានក្រើនរំលឹកដល់កម្មករ កម្មការិនីថា ត្រូវរួមគ្នាទប់ស្កាត់ឲ្យខាងតែបានកុំឲ្យភ្លើងសង្គ្រាម និងការបំផ្លេចបំផ្លាញជាតិជាថ្មី។

សម្តេចនាយករដ្ឋមន្ត្រី បានអះអាងថា ដរាបណាមានវត្តមានរបស់សម្តេច គឺមិនមានជនណាអាចមកបំផ្លាញសន្តិភាពបាននោះឡើយ។ សម្តេចតេជោថា អ្នកដែលជេរសម្តេចភាគច្រើន ព្រោះតែខឹងសម្តេច ហើយអ្នកដែលជេរសម្តេចច្រើនជាងគេ គឺប៉ុលពត តែទីបំផុតស្លាប់អត់មានដីកប់។

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ដរាបណាក្រុមប្រឆាំងជេរសម្តេចកាន់តែខ្លាំងមានន័យថា សម្តេចកំពុងតែធ្វើត្រូវ តែបើក្រុមបក្សប្រឆាំងសរសើរវិញ មានន័យថា សម្តេចកំពុងធ្វើខុសហើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់កម្មករថា ការទាមទារអ្វីមួយត្រូវធ្វើទៅតាមច្បាប់ ហើយមិនត្រូវឲ្យមានជើងកាងនៅតាមរោងចក្របន្តទៀតទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថៅកែ និងកម្មករ ជាដៃគូមិនអាចខ្វះគ្នាបាននោះទេ ដូច្នេះទាំងថៅកែ និងកម្មករ ត្រូវចេះយោគយល់ និងជួយគ្នាទៅវិញទៅមក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់ប្រាក់បៀវត្សរ៍ពេលកម្មការិនីសម្រាលកូន គឺកម្ពុជាល្អប្រសើរជាងបណ្តាប្រទេសមួយចំនួនរួមទាំងរដ្ឋខ្លះរបស់អាមេរិកផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្តួចផ្តើមគំនិតចង់ឲ្យមានកិច្ចសហការគ្នារវាងធនាគារ និងក្រុមហ៊ុនដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចក្នុងក្រុងបាវិត ដើម្បីផ្តល់ឱកាសឲ្យអ្នករកស៊ីដឹកកម្មករខ្ចីលុយទិញរថយន្តដំឡើងក្នុងរោងចក្រ ដើម្បីដឹកកម្មករ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនីនៅក្រុងបាវិតទាំងអស់ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ហើយសង្ឃឹមថា នឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា៕ ដោយ៖សោមសុនឌីណេ

SHARE
RELATED POSTS
លោកជំទាវ ម៉ែន សំអន អញ្ជើញ​ចូលរួម​សម្ភោ​ធ សមិទ្ធិផល​នានា​ក្នុង​វត្ត​ដងទង់ ស្ថិតនៅ​ក្រុង​បាវិត
នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីប្រជុំ បូកសរុបសភាពការណ៍លទ្ធផលការងារប៉ុស្តិ៍នគរបាលរដ្ឋបាលប្រចាំខែមិនា
ការប្រើទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ព្រមទាំងព្រះឆាយាល័ក្ខព្រះអង្គទាំងបី

Leave Your Reply

*