ជាតិ

សម្តេច សាយ ឈុំ ក្រើនរំឭកកុំឲ្យជឿពាក្យញុះញង់បក្សប្រឆាំង ដែលមិនឲ្យពលរដ្ឋទៅបោះឆ្នោត ព្រោះពួកប្រឆាំង​កាន់តែចាញ់កាន់តែពិសពុល

ខេត្តត្បូងឃ្មុំ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានក្រើនរំឭកដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិត សូមកុំលង់ជឿតាមពាក្យញុះញង់របស់ក្រុមបក្សប្រឆាំង ដែលឃោសនាមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ព្រោះពួកប្រឆាំងកាន់តែចាញ់ ឧបាយកលរបស់ពួកគេកាន់តែពិសពុល និងគ្រោះថ្នាក់សម្រាប់ជាតិ។

សម្ដេច សាយ ឈុំ ដាស់តឿនបែបនេះ ត្រូវបានធ្វើក្នុងពេលជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកា​ គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨។ ក្រោយជំនួបនេះហើយ សម្ដេចក៏បានអញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជន នៅស្រុកមេមត់ផងដែរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កម្ពុជាបានថែរក្សាយ៉ាងមោះមុតនូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី រក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម បន្តអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព។ សម្តេចតេជោ ហ៊ុន សែន ក៏ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា ដែលត្រូវបានគណបក្សគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៦ និងនីតិកាលបន្តបន្ទាប់ទៀត។

សម្តេចបានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ខាងមុខនេះ គ្មានការចូលរួមពីអតីតគណបក្សសង្គ្រោះជាតិនោះទេ ព្រោះគណបក្សនេះត្រូវបានតុលាការកំពូលចេញសាលដីការរំលាយរួចហើយ គ្មានការពន្យាការបោះឆ្នោតនោះទេ ព្រោះខុសនឹងរដ្ឋធម្មនុញ្ញផង។ កុំស្របតាមការឃោសនាអកុសលរបស់ពួកប្រឆាំង ដែលញ៉ុះញ៉ុងមិនឲ្យប្រជាជនទៅបោះឆ្នោត ព្រោះនេះជាទង្វើដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងច្បាប់ជាធរមាន ត្រូវអនុត្តទៅតាមវិធានការច្បាប់ ចំពោះជនល្មើសណាដែលបានប្រព្រឹត្តជាក់ស្តែង និងមានភស្តុតាងគ្រប់គ្រាន់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានក្រើនរំឭកដល់សមាជិក-សមាជិកាគណបក្សទាំងអស់ ត្រូវជម្រុះចោលនូវសតិអារម្មណ៍ដែលយល់ថា ការបោះឆ្នោតលើកនេះអស់គូប្រកួតខ្លាំងហើយ ឬក៏យល់ថាសម្តេចប្រធានគណបក្ស បានចុះជួបសំណេះសំណាលជាមួយកម្មករ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានច្រើនហើយ ដូច្នេះយើងមិនបាច់ប្រឹងក៏ឈ្នះដែរ។ ពួកប្រឆាំងកាន់តែចាញ់ ឧបាយកលកាន់តែពិសពុល ដែលនេះជាប្រការដែលត្រូវតែកាន់ប្រុងប្រយ័ត្នខ្ពស់បំផុត ហើយទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួមចិត្តមួយថ្លើមមួយឲ្យខ្លាំងជាងនេះ រហូតសម្រេចជ័យជម្នះនៅទីចុងបំផុត។

សម្តេចបានចែកជូនដល់សមាជិកចូលរួមទាំង៥៣២នាក់ ក្នុងម្នាក់ៗទទួលបានក្រមា១ ថវិកា១០ម៉ឺនរៀល និងផ្តល់ជូនគណបក្សក្រុងស្រុកទាំង៧ ទទួល៥លានរៀលដូចគ្នា, គណបក្សឃុំ១៤ឃុំ ក្នុងស្រុកមេមត់ ក្នុង១ឃុំទទួលបាន២លានរៀល និងកងកម្លាំងការពារសន្តិសុខ ក្នុងម្នាក់ៗទទួលបាន២ម៉ឺនរៀល ព្រមទាំងអញ្ជើញចារឹកលើក្រាំងមាស ទុកជាអនុស្សាវរីយ៍ដល់គណបក្សប្រជាជនស្រុកមេមត់ផងដែរ។

តាមរបាយការណ៍របស់លោក ប្រាជ្ញ ចន្ទ ប្រធានគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អគារស្នាក់ការនេះ បានធ្វើពីធីក្រុងពាលីបើកការសាងសង់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ាណែត និងបានសាងសង់រួចក្នុងរយៈពេល ៨ខែ ៩ថ្ងៃ ដោយសាងសង់លើទីតាំងចាស់ ដែលមានផ្ទៃដី ២,៤៥៩ម៉ែត្រក្រឡា មានសាលប្រជុំធំចំណុះ ៨០០នាក់ សាលប្រជុំតូចចំណុះ ៥០នាក់ និងមានការិយាល័យ រួមទាំងឃ្លាំងចំនួន៦ បំពាក់ដោយម៉ាស៊ីនភ្លើងកម្លាំង ៣០០គីឡូវ៉ាត់ ១គ្រឿង ម៉ាស៊ីនត្រជាក់ និងឧបករណ៍សម្ភារៈដទៃទៀត៕ ដោយ៖ ដារឿន

 

SHARE
RELATED POSTS
ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ប្រធាន​គ​ណះ​កម្ម​ការ​ជ្រើសរើស​ពលទាហាន​ថ្មី
ប្រជាពលរដ្ឋជាង២០០នាក់ បានជួបជុំគ្នានៅមុខសាលាឃុំចុងផ្លាស់ សូមអោយអាជ្ញាធរជួយសម្របសម្រួលដល់ពួកគាត់
ឯកឧត្តម ព្រំ សុខា ពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម សខេងដល់ទីបញ្ជាការវរៈសេនាតូចនគបាលការពារព្រំដែនគោកលេខ៦០៩នៅក្រុងបាវិត

Leave Your Reply

*