ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី ១៥ ខែ ឧសភា គ.ស ២០១៩ មានការប្រជុំមួយនៅសាលប្រជុំ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ដោយកិច្ចប្រជុំនោះក្នុងខ្លឹមសារផ្លាស់ប្តូរនូវបទពិសោធន៍រវាងនគបាលថ្នាក់ឃុំ និងគណបញ្ជាការឯកភាពរដ្ឋបាលឃុំត្រមូង ក្រោមការដឹកនាំលោកអធិការនគរបាលស្រុក និងលោកមេឃុំត្រមូង ។ ក្នុងអង្គប្រជុំនោះក៏បានអញ្ជើញចូលរួមមាន អធិការរងទទួផែនជំនាញ លោកនាយ-នាយរងផ្នែកគ្រប់ជំនាញ និងក្រុមប្រឹក្សាឃុំ ជំទប់ឃុំ លោកមេភូមិ អនុភូមិ សមាជិកភូមិទាំងអស់ក្នុងឃុំត្រមូង ។
ក្នុងឱកាសនោះដែលលោកមេឃុំត្រមូងបានឡើងមានមតិថា ៖ វាជារឿងមួយល្អណាស់សម្រាប់គណបញ្ជាការឯកភាពរដ្ឋបាលឃុំត្រមូង បានមកធ្វើការផ្លាស់ប្តូរនូវបទពិសោធន៍ដឹកនាំរវាងនគបាលថ្នាក់ឃុំ និងគណបញ្ជាការឯកភាពរដ្ឋបាលឃុំត្រមូង ដើម្បីរកឲ្យឃើញចំណុចខ្វះខាតដែលហៅថា ចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងការបំពេញឲ្យគ្នាទៅវិញទៅមកក្នុងបម្រើសេវាសាធារណៈនូវឯកសាររដ្ឋបាលដូចជា សៀវភៅគ្រួសារក៤ សៀវភៅស្នាក់នៅក២ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈ -ល- ។
លោកមេឃុំបានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថា ៖ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋយើងមួយចំនួនមានការយលដឹងនៅមានកម្រិត ដែលជាការព្រួយបារម្ភមួយក្នុងការដឹកនាំថ្នាក់ឃុំ ។ ហើយលោកក៏បានសំណូមពរកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រមូងយើងបន្តសហការជាមួយគណបញ្ជាការឯកភាពរដ្ឋបាលឃុំ ដើម្បីចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងការបំផុសចលនាឲ្យពួកគាត់បានយល់ និងចូលរួមបង្កើតជាកម្លាំងប្រជាការពារស័្មគ្រចិត្តក្នុងការអនុវត្តនូវគោលបាយភូមិ.ឃុំមានសុវត្ថិភាព ដោយមិនឲ្យមានកើតមានបទល្មើសនៅក្នុងភូមិរបស់ខ្លួន ។
លោកអធិការបានមានប្រសាសន៍លើកឡើងបញ្ជាក់ជូនទៅសមាជិក សមាជិការ នៃអង្គប្រជុំថា ៖ ក្នុងនាមជានគរបាលជាតិ បានដើរតួយ៉ាងសំខាន់ក្នុងការគោរពច្បាប់ ផ្សព្វផ្សាយច្បាប់ និងអនុវត្តច្បាប់ ដើម្បីឲ្យប្រជាពលរដ្ឋគោរព និងអនុវត្តតាមច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសហការជាមួយគណបញ្ជាការឯកភាពរដ្ឋបាលឃុំ តាមសំណូមពរលោកមេឃុំ ក្នុងការបន្តចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងការបំផុសចលនាឲ្យពួកគាត់បានយល់ និងចូលរួមបង្កើតជាកម្លាំងប្រជាការពារស័្មគ្រចិត្តក្នុងការអនុវត្តនូវគោលបាយភូមិ.ឃុំមានសុវត្ថិភាព ។
ជាចុងក្រោយលោកអធិការនគរបាលស្រុកមេមត់ ក៏បានមានប្រសាសន៍ប្រាប់ទៅកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលថា ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលជាកម្លាំងនៅគៀកប្រជាពលរដ្ឋបំផុតត្រូវតែចេះព្យាយាមពន្យល់ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅក្នុងឃុំខ្លួនគ្រប់គ្រងនោះ ឲ្យចូលរួមលុបបំបាត់បទល្មើសនានាដូចជា ល្បែងស៊ីសងខុសច្បាប់ ឬទំនាស់បន្តិចបន្តួចតាមការយោគយល់អព្យាស្រ័យឲ្យគ្នាទៅវិញទៅមកដែលផ្តើមចេញពីខ្លួនឯងផ្ទាល់ ដោយមិនចាំបាច់កម្លាំងនគរបាលទៅបង្ក្រាប ៕ ដោយ៖សារឿន
Discussion about this post