ខេត្តព្រះសីហនុ៖ ឃាត់រថយន្តមួយគ្រឿង ដឹកបង្គាស្រស់ចំនួន ៤៥កេះ ស្មើនឹងទម្ងន់៩០០គីឡូក្រាម ដោយបានប្រើ សារធាតុគីមីហាមឃាត់នៅក្នុងបង្គា ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយកម្លាំងសមត្ថកិច្ច បានចាប់បង្គាស្រស់ ដែលមានលាយសារធាតុគីមីហាមឃាត់ ត្រូវឈ្មួញនាំចូលតាមច្រកព្រំដែនកម្ពុជា-វៀតណាមច្រកព្រែកចា ចូលមកលក់ចែកចាយ នៅលើទីផ្សារនានា ក្រុងព្រះសីហនុ កិច្ចសហប្រតិបត្តិការចុះបង្ក្រាបនៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៩។
ក្នុងការចុះបង្ក្រាបបង្គាដែលមានលាយសារធាតុគីមីនេះ លោក នៅ តុន អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានផ្តល់បទសម្ភាសឲ្យអ្នកសារព័ត៌មានថា មន្ត្រីស្ថាប័នរបស់លោក បានសហកាជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឃាត់ចាប់រថយន្តមួយគ្រឿង ដឹកបង្គាផ្ទប់ដោយសារធាតុគីមីហាមឃាត់ ដែលឈ្មួញនាំមកពីប្រទេសវៀតណាម រួចចូលមកតាមច្រកព្រំដែនកម្ពុជា-វៀតណាម ច្រកព្រែកចាក ខេត្តកំពត យកមកដុតកម្ទេចចោលភ្លាមៗសាខាកាំកុងត្រូលខេត្តព្រះសីហនុ ។
លោកបន្ថែមទៀតថា បង្គាដែលលាយសារធាតុគីមីទាំងនោះ បន្ទាប់ពីមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ធ្វើ ត្រួតពិនិត្យ និងវិភាគ បានឃើញថា ពិតជាមានដាក់លាយសារធាតុគីមី ដូចជាចាហ៊ួយ ត្រូវបានម្ចាស់ដាក់លាយនៅក្នុងបង្គាស្រស់ទាំងនោះ។
លោក នៅ តុន អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ បានបញ្ជាក់ផងដែរថា បង្គាស្រស់មានលាយសារធាតុគីមីចំនួន៤៥កេះ ត្រូវបាននាំមកដុតកម្ទេចចោលភ្លាមៗនៅក្នុងបរិវេណសាខាកាំកុងត្រូកខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩នេះ។ ក្នុងនោះ មន្ត្រីជំនាញ ក៏បានតម្រូវឲ្យម្ចាស់រថយន្តដឹកបង្គា និងជាតំណងឲ្យម្ចាស់ទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់នាំចូលបង្គា មានសារធាតុគីមីទាំងនោះ នាថ្ងៃខាងមុខទៀត។
ជាចុងក្រោយលោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ផ្នែកពាក់ព័ន្ធ ជាពិសេសក្រុមអាជីវករ ត្រូវចូលរួមសហការ និងបញ្ឈប់ការនាំចូល ឬដាក់លក់ទំនិញ បន្លែ ត្រីសាច់ ព្រមទាំងទំនិញផ្សេងៗទៀត ដែលមានសារធាតុគីមីហាមឃាត់ នាំឲ្យប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលមិនដឹងនោះទេ។ លោកក៏បានបញ្ជាក់បន្តទៀតថា៖ ការនាំចូល ឬការទទួលលក់ទំនិញ និងចំណីអាហារខូចគុណភាព ឬមានលាយសារធាតុគីមី ដើម្បីឲ្យអាហារស្រស់ រក្សាទុកលក់បានយូរ គឺជាអំពើខុសច្បាប់។ ហើយអ្នកជាប់ពាក់ព័ន្ធសកម្មភាពខាងលើ នឹងត្រូវប្រឈមមុខការផ្តន្ទាទោស បើមន្ត្រីជំនាញរកឃើញមានកំហុសឆ្គងធ្ងន់ធ្ងរ និងត្រូវប្រឈមមុខការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ដែលបានចែង៕
Discussion about this post