ខេត្តកំពង់ស្ពឺ៖ មេឈ្មួញរកស៊ីជីកកាយអាចម៍ដីកំពុងប្រើអំណាចជាទាហានរបស់ខ្លួននៅកងកាំភ្លើងធំដែលគេដឹងថាមានលុយកាក់ដ៏មហាសាលរកស៊ីបំពានច្បាប់រាល់ថ្ងៃ មិនដែលបង់សួយសារជូនរដ្ឋនោះឡើយ។សូម្បីតែអាជ្ញាធរភូមិ-ឃុំ-ស្រុក ជាពិសេសគឺជំនាញរ៉ែថាមពលតែម្ដងមិនហ៊ានទៅជិតឡើយព្រោះគេខ្លាចអំណាចមេឈ្មួញរូបនេះដែលជាទាហាននៅកងកាំភ្លើងធំឈ្មោះប៊ុត ចន្ថា (ហៅម៉ៅឬឧកញ៉ាវត្ត) ដ៏មានឥទ្ធិពលផ្នែកខាងរកស៊ីកាយអាចម៍ដីដោយពុំចាំបាច់មានច្បាប់នោះទេដោយរូបគេគ្រាន់តែប្រើអំណាចទាហានរបស់ខ្លួនតែប៉ុណ្ណោះ គឺអាចជីកកាយអាចម៍ដីដឹកយកទៅលក់បានហើយ។


ជាក់ស្ដែងរណ្តៅកាយអាចម៍ដីដ៏សែនធំហើយជ្រៅមួយស្ថិតនៅភូមិ ក្រងស្ពឺ ឃុំរលាំងចក ជាប់នឹងភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


តាមការបង្ហើប គឺឈ្មួញរកស៊ីកាយអាចម៍ដីរូបនេះកំពុងធ្វើអាជីវកម្ម ដោយពុំមានការអនុញ្ញាតឬមានខិតបញ្ជាក់ពីមន្ទីររ៉ែថាមពលនិងខេត្តឡើយគឺឈ្មួញឈ្មោះប៊ុត ចន្ថា ហៅឧកញ៉ាម៉ៅ នេះគេតែងតែប្រើអំណាចខ្សែបណ្ដាញនិងលុយកាក់តែប៉ុណ្ណោះជាការស្រេច អាចដំណើរការទៅយ៉ាងរលូនហើយស្ងាត់ដូចចោលលួចសេះតែម្ដង។

ប្រភពព័ត៌មានបានលើកឡើងបន្តថាមេឈ្មួញឈ្មោះប៊ុត ចន្ថា (ហៅឧកញ៉ាម៉ៅ)នេះគេមានជំនាញរកស៊ីកាយអាចម៍ដីបំពានច្បាប់បែបនេះច្រើនឆ្នាំមកហើយជាពិសេសគេប្រើខ្សែបណ្ដាញថ្នាក់ក្រោមដោយប្រើលុយគ្របពីលើ មិនរាយការណ៍ឲ្យថ្នាក់លើនិងជំនាញបានដឹង ហើយតែងតែបំពានទៅលើប្រជាពលរដ្ឋតូចតាចទៀតផង។ ជាក់ស្ដែងដូចជាការធ្លាក់រាយអាចម៍ដីលើផ្លូវប្រជាពលរដ្ឋស្នើឱ្យមានការដោះស្រាយក៏គេធ្វើមិនដឹងមិនឮហើយតែងតែប្រើអំណាចទាហាននៅកងកាំភ្លើងធំរបស់ខ្លួនគម្រាមប្រជាពលរដ្ឋគ្រប់ពេលវេលា។


យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិត្រពាំងខ្យងនិងភូមិនានានៅជិតនោះបានលើកឡើងថាសព្វថ្ងៃនេះពួកគាត់មានការបារម្ភពីខ្លាំងចំពោះសត្វពាហនៈជាពិសេសគឺកូនៗរបស់ពួកគាត់តែម្ដងបើជ្រុលជាធ្លាក់ទៅក្នុងរណ្ដៅដីរបស់ប៊ុត ចន្ថា (ហៅម៉ៅឬឧកញ៉ាវត្ត)នេះហើយគឺស្លាប់គ្មានសល់នោះទេ។បើនិយាយពីឡានរបស់ឈ្មោះនេះវិញគឺប្រើសុទ្ធតែឡានកង់៦និងយីឌុបទៀតផងដែលជា ហេតុធ្វើឱ្យផ្លូវជាតិនិងស្ពានឆាប់ខូចផងដែរ។

ចំពោះការដឹកដីវិញគឺហៀរធ្លាក់រាយប៉ាយពេញដីដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាខ្លាំង។
បើតាមការសង្កេតគេមិនដែលឃើញជំនាញពាក់ព័ន្ធណាមកធ្វើការត្រួតពិនិត្យឡើយ។ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើសូមសំណូមពរដល់មន្ត្រីជំនាញរ៉ែឬមិនថាមន្ទីរក្រសួងឬមន្ត្រីសាលាខេត្តនោះទេ។ ហើយបើបានដឹងហើយសូមមេត្តាចាត់វិធានការឲ្យបានក្តៅគគុកកុំឲ្យជននេះអាងអំណាចជាទាហាននៅអង្គភាពកាំភ្លើងធំយកតួនាទីឧកញ៉ាវត្តប៊ុតចន្ថាហៅម៉ៅនេះផងជៀសវាងមានការរិះគន់ថាមន្ត្រីបង្ក្រាបបានតែអ្នករកស៊ីតូចតាច ដល់អ្នកមានតួនាទីជាទាហានមិនហ៊ានបង្ក្រាបដោយខ្លាចអំណាចទឹកលុយនិងអំណាចឧកញ៉ាវត្តរូបនេះ។
សូមរំលឹកផងដែរថាករណីនេះជាសេចក្តីរាយការណ៍ពីពលរដ្ឋភ្នាក់ងារយើងនិងបន្តសួរទៅអាជ្ញាធរបន្ថែមទៀតជាពិសេសមេឈ្មួញរូបនេះតែម្ដងព្រោះពេលខ្លះការមើលឃើញរបស់ប្រជាពលរដ្ឋមិនដូចការពិតនោះទេព្រោះជាការប្រើអារម្មណ៍គិតមិនដូចការពិតដែលកើតឡើងនៅរឿងណាមួយនោះឡើយ។
មួយរយៈនេះដោយខ្លាចសមត្ថកិច្ចនិងជំនាញចូលចាប់គឺពេលថ្ងៃគេផ្អាកសកម្មភាពទាំងអស់ គេធ្វើសកម្មភាពតែពេលយប់តែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងករណីនេះដែរភ្នាក់ងារយើងមិនអាចសុំការពន្យល់បកស្រាយពីភាគីពាក់ព័ន្ធក៏ដូចជាជំនាញជាពិសេសគឺសាមីខ្លួនលោកប៊ុត ចន្ថា (ហៅម៉ៅ)តែម្ដង។ដោយពុំមានលេខទូរស័ព្ទសំរាប់ទំនាក់ទំនងយើងខ្ញុំរង់ចាំស្វាគមន៍រាល់ការបំភ្លឺជាក់លាក់ណាមួយពីលោកប៊ុតចន្ថាគ្រប់ពេលវេលា ៕ដោយ៖ ចៅចិត្ត
Discussion about this post