មណ្ឌលគិរី ៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំវាយតម្លៃលើការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិវត្តប្រចាំឆ្នាំ ២០២១ ) ក្រោមវត្តមានលោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី លោក រស់ វណ្ណារិទ្ធ មន្ត្រីអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក រឿង ផៃរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ដោយមានការចូលរួមពីលោកលោកស្រី តំណាងមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី ១៦ខែមិថុនា ឆ្នាំ ២០២២។
លោក ប៉េង សម្បត្តិ អភិបាលរងខេត្ត បានមានប្រសាសន៍ថា កន្លងមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងចាត់ចែងទ្រព្យសម្បត្តិរដ្ឋ បានខិតខំពង្រឹងការគ្រប់គ្រង និងរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដោយបានចេញផ្សាយនូវលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីធ្វើការណែនាំ ផ្សព្វផ្សាយដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋអោយកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព គុណភាព តម្លាភាព ។ អាជ្ញាធរ មន្ទីរ អង្គភាព ត្រូវកត់ត្រាទ្រព្យសម្បត្តិ ដែលឋិតនៅក្រោមការកាន់កាប់ ប្រើប្រាស់របស់ខ្លួន នូវចលនវត្ថុ អចលនវត្ថុ រួមទាំងអំណោយផ្សេងៗ ដែលត្រូវបានផ្ទេរមកមន្ទីរអង្គភាពកាន់កាប់ជាទ្រព្យសម្បត្តិរបស់រដ្ឋ ។
លោកអភិបាលរងខេត្ត ក៏បានជំរុញដល់មន្ត្រីតំណាងមន្ទីរអង្គភាព អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់ស្ដាប់នូវបទឧទ្ទេសនាមរបស់ប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងចូលរួមគាំទ្រ សហការក្នុងការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ អោយបានត្រឹមត្រូវ និងការធ្វើប័ណ្ណកម្មសិទ្ធិសំគាល់ម្ចាស់អចលនទ្រព្យអង្គភាពរបស់ខ្លួនឱ្យបានទាន់ពេលវេលា តាមការិយបរិច្ឆេទកំណត់ ។
លោក រឿង ផៃរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ ៦៦ សារាចរលេខ០៧ តម្រូវឱ្យគ្រប់ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាអាជ្ញាធរកាន់កាប់ទាំងអស់ ត្រូវរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលរៀងរាល់ ៥ឆ្នាំម្ដង និងធ្វើតារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ(ចន្លោះឆ្នាំគោល )ដោយអនុលោមទៅតាមទម្រង់គំរូ និងនីតិវិធីជាធរមាន។ ក្រៅពីនេះ មន្ទីរអង្គភាព និងអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋអាចស្នើសុំគោលការណ៍ជម្រះទ្រព្យសម្បត្តិរដ្ឋ ដោយត្រូវបែងចែកជាពីរកម្រិត គឺ ១-ការជម្រះទ្រព្យសម្បត្តិរដ្ឋ ត្រឹមសម្ភារៈនិងសង្ហារឹមចុះ អាចស្នើសុំគោលការណ៍សម្រេចពីគណៈកម្មការធ្វើបញ្ជីសារពើភ័ណ្ឌខេត្ត ។ ២-ការជម្រះទ្រព្យសម្បត្តិរដ្ឋចាប់ពីសម្ភារៈ និងសង្ហារឹម ឡើង ត្រូវស្នើសុំគោលការណ៍សម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕


ដោយ ភួង ផុន
Discussion about this post