ខេត្តរតនគិរី ៖ ឯកឧត្ដអភិបាលខេត្ត ថាប្រជាពលរដ្ឋក្នុងស្រុកតាវែង ដែលជាតំបន់ដាច់ស្រយាល មានភូមិសាស្ត្រផ្លូវលំបាកស្មុគស្មាញ អាចនឹងមានជីវភាពធូរធារនៅថ្ងៃអនាគត បន្ទាប់ពីផ្លូវលេខ ៧៨-៥ ក្នុងភូមិសាស្រ្តស្រុកតាវែង ជួសជុលរួចរាល់។


អភិបាលខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធការដ្ឋានជួសជុលកំណាត់ ផ្លូវជាតិ៧៨-៥ ក្នុងភូមិសាស្រ្តស្រុកតាវែង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំង៣ ថ្នាក់ដឹកនាំស្រុក សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកតាវែង ប្រមាណជាង២០០នាក់ផងដែរ។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី មានប្រសាសន៍ថា កំណាត់ផ្លូវ ដែលត្រូវជួសជុលនេះ មានប្រវែង៨,៥០០ម៉ែត្រ ទទឹង៧ម៉ែត្រ ពីចន្លោះគីឡូម៉ែត្រ៣៧+៥៥០ ដល់គីឡូម៉ែត្រ៤៧+០៥០ ដោយក្រាលដីល្បាយថ្ម និងសាងសង់លូទោល មុខ១ម៉ែត្រ ប្រវែង១៥ម៉ែត្រចំនួន០៩កន្លែង លូភ្លោះមុខ១ម៉ែត្រ ប្រវែង១៥ម៉ែត្រ ចំនួន០២កន្លែង លូប្រអប់ ២មx២,៥មx៣ម ប្រវែង១៥ម៉ែត្រ ចំនួន០១កន្លែង និងលូប្រអប់ ៣មx៣ម ប្រវែង ១៥ម៉ែត្រចំនួន០១កន្លែងផងដែរ។
មានប្រសាសន៍សំណេះសំណាល នាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ថ្វីត្បិតតែ
ភូមិសាស្ត្រផ្លូវស្រុកតាវែង មានលក្ខណៈលំបាក ស្មុគស្មាញ យ៉ាងណាក៏ដោយ ឯកឧត្តម ជឿជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកនេះ នឹងមានជីវភាពធូរធារ ប្រសើឡើង បន្ទាប់ពីផ្លូវក្នុងភូមិសាស្ត្រស្រុកតាវែង ជួលជុលតភ្ជាប់ស្រុកអូជុំ។ បើទោះជាយ៉ាងណាក្ដី ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ក៏បានជំរុញឲ្យប្រជាពលរដ្ឋក្នុងស្រុកតាវែង ទៅចាក់វ៉ាក់សាំងការពារជំងឺរាតត្បាតកូវីដ.១៩ ឲ្យបានគ្រប់ៗ ព្រមទាំងរួមគ្នាអនាម័យអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអនុវត្ត ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម ធ្វើឲ្យខូចអនាគត ប៉ះពាល់ដល់ជីវភាពគ្រួសារ ហើយជៀសឲ្យឆ្ងាយពីល្បែងស៊ីសងទាំងឡាយ គ្រប់ប្រភេទផងដែរ។

ដើម្បីឲ្យដំណើរការ ជួសជុលផ្លូវនេះ ទទួលបានជោគជ័យ ឯកឧត្តម ញ៉ែម សំអឿន សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជួយសហការ កុំដឹកជញ្ជូន សំពីងសំពោង ជាពិសេសអាជ្ញាធរស្រុកត្រូវផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួល រាល់បញ្ហាដែលប៉ះពាល់ដល់ដំណើរការជួសជុលផ្លូវនេះផងដែរ។
នៅក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿន ក៏បានអញ្ជើញ បញ្ជាគ្រឿងចក្រជានិមិត្តរូប នៃការចាប់ផ្តើម ដាក់ឲ្យដំណើរជួសជុលកំណាត់ផ្លូវជាតិ៧៨-៥ ប្រវែង៨,៥០០ម៉ែត្រទទឹង៧ម៉ែត្រ ក្រាលកៅស៊ូ ប្រភេទDBST ចាប់ពីពេលនេះតទៅ៕ ដោយ ភួង ផុន


Discussion about this post