ភ្នំពេញ ៖ ថ្មីៗនេះប្រភពព័ត៌មាន បានទម្លាយអោយដឹងថា ល្បែងសុីសងឆ្នោតវៀតណាមខុសច្បាប់ជាច្រើនទីតាំង បានដំណើរការយ៉ាងរលូន និងបើកលេងជាចំហរ ហាក់មិនខ្លាចអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងមូលដ្ឋានខណ្ឌ៧មករាសោះឡើយ។


ប្រភពព័ត៌មានដដែលបានបន្តថា ទីតាំងទី១ ស្ថិតនៅផ្លូវលេខ១៦៤ ក្នុងសង្កាត់អូរឫស្សីទី៣ ទីតាំងទី២ ស្ថិតនៅផ្លូវឌឿងហែមក្រោយភោជនីដ្ឋានថ្មដា ប្រមាណជាង១០០ម៉ែត្រ ក្នុងសង្កាត់មនោរម្យ ទីតាំងទី៣ ស្ថិតនៅផ្លូវលេខ១៦៦ ក្នុងសង្កាត់អូរឫស្សីទី២ ទីតាំងទី៤ស្ថិតនៅច្រកឌឿងហែមខាងក្រោយហាងគុយទាវអូរឬស្សី ស្ថិតនៅក្នុងសង្កាត់អូរឬស្សី និងមានទីតាំងជាច្រើនទៀតនៅក្នុងមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ។ ម្ចាស់បើកល្បែងសុីសងឆ្នោតវៀតណាមខុសច្បាប់មានឥទ្ធិពលជាងគេ ត្រូវគេស្គាល់ថា ចែ លី។


បើទោះជា ពេលកន្លងមក ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតអោយបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ ព្រោះល្បែងស៊ីសង គឺ ជាប្រភពនៃបទល្មើសផ្សេងៗ យ៉ាងណាក៏ដោយ។ ក៏ប៉ុន្តែដាវអាជ្ញាសិកទាំងនោះ អាចសឹករិចរិល ឬ ក៏អាចលោកអភិបាលខណ្ឌ និងលោកអធិការខណ្ឌ៧មករា បត់យកដាក់ហោប៉ៅបាត់អស់ក៏មិនដឹង បានជាបណ្ដែតបណ្ដោយឲ្យល្បែងទាំងនេះបើកលេង ដោយមិនញញើតសមត្ថកិច្ចសោះ។
បញ្ហានេះ មហាជនសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន សមត្តកិច្ចជំនាញពាក់ព័ន្ធ ក្នុងខណ្ឌ៧មករា នឹងភ្ញាក់ក្រោកឡើង ធ្វើការស្រាវជ្រាវសេុីបអង្កេត មានចំណាត់ការបង្ក្រាប បទល្មើសល្បែងសុីសងឆ្នោតវៀតណាមខុសច្បាប់ដែលមានទីតាំងខាងលើជាក់ជាមិនខាន៕
Discussion about this post