
ខេត្តកំពត៖ សាលាដំបូងខេត្តកំពតកាលពីព្រឹកថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៩បានបង្គាប់ឱ្យប្រធានមន្ទីរឃុំឃាំងខេត្តកំពតឃុំខ្លួនបណ្តោះអាសន្ននូវមន្ត្រីនគរបាលម្នាក់ក្នុងបទប៉ុនប៉ងឃាតកម្មនិងប្រើប្រាស់អាវុធខុសច្បាប់។
យោងដីកាលេខ៨១/១៩ចុះថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៩របស់លោកអាំង សុភាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពតមានខ្លឹមសារថាបង្គាប់មកលោកប្រធានមន្ទីរឃុំឃាំងខេត្តកំពតឱ្យឃុំខ្លួនបណ្តោះអាសន្នចំពោះឈ្មោះហុកចេងអាយុ៤៥ឆ្នាំជាមន្ត្រីនគរបាលមានទីលំនៅភូមិមាត់ពាមឃុំមាក់ប្រាងស្រុកទឹកឈូ ខេត្តកំពតពីបទប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធខុសច្បាប់។
បទល្មើសនេះប្រព្រឹត្តឡើងកាលពីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៩ស្ថិតនៅភូមិមាត់ពាមឃុំមាក់ប្រាងស្រុកទឹកឈូ ខេត្តកំពត។តាមប្រភពក្រៅផ្លូវការបានរៀបរាប់ថាកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ជនត្រូវចោទដែលជាមន្ត្រីនគរបាលស្រុកទឹកឈូជានាយផ្នែកអន្តប្រវេសន៍១ រូបនោះបានបាញ់បណ្តាលឱ្យស្ត្រីម្នាក់រងរបួសកំភួនជើងផ្នែកខាងស្តាំ។
ប្រភពដដែលបានលើកឡើងថា ករណីមានបំណងបាញ់សម្លាប់ប្តីរបស់ស្ត្រីរងគ្រោះខាងលើ គឺកើតឡើងផ្តើមចេញពីប្តីស្ត្រីរងគ្រោះកន្លងមកត្រូវគេសង្ស័យថា ជាសាហាយស្មន់និងប្រពន្ធមន្ត្រីបូលីសជាចប់ចោទខាងលើ។