ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋមានការរិះគន់ ចំពោះការកាប់បំផ្លាញព្រៃសហគមន៍ប្រាសាទតាខ្មៅ និងកាប់រានព្រៃយកដីធ្វើកម្មសិទ្ធ បន្ទាប់ពីប្រធានភូមិ ព្រមទាំងលោកប្រធានសហគមន៍ បើកដៃឲ្យក្រុមឈ្មួញ។ ព្រៃសហគមន៍ប្រាសាទតាខ្មៅ ស្ថិតក្នុងភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ត្រង់ចំណុចទួលពងពស់ កំពង់រងការកាប់បំផ្លាញព្រៃឈើរានយកដីធ្វើកម្មសិទ្ធ ពីសំណាក់លោក នួន ណាត បន្ទាប់ពីលោក អ៊ុំ ពៅ ប្រធានភូមិទន្សោងធ្លាក់ ជាអ្នកលក់ឲ្យ ក្រោមការឃុបឃិតពីលោក ថៃ ប៊ុនលៀង ប្រធានសហគមន៍ប្រាសាទតាខ្មៅ។ បើយោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅភូមិទន្សោងធ្លាក់ បានរាបរាប់ថា ហេតុតែមេឈ្មួញឈ្មោះ នួន ណាត ហ៊ានជួលគេកាប់ព្រៃសហគមន៍យកធ្វើកម្មសិទ្ធ ដោយសារតែដីព្រៃនេះ ត្រូវលោក អ៊ុំ ពៅ ប្រធានភូមិ ទន្សោងធ្លាក់ ជាអ្នកលក់ឲ្យ។ ចំណែកលោក ថៃ ប៊ុនលៀង ប្រធានសហគមន៍ប្រាសាទតាខ្មៅវិញ បន្ទាប់ពីបានធ្វើប្រធានសហគមន៍ មិនទាន់បានប៉ុន្មានខែផង ស្រាប់តែមានឈ្មួញ កាប់ឈើក្នុងព្រៃសហគមន៍ដឹកយកទៅលក់ ពិសេសគឺ កាប់បំផ្លាញព្រៃឈើយកដីធ្វើជាកម្មសិទ្ធ ជាលក្ខណៈទ្រង់ទ្រាយធំនេះតែម្ដង។ ជុំវិញការកាប់ឈើក្នុងព្រៃសហគមន៍ដឹកយកទៅលក់ និងការកាប់រានទន្ទ្រានព្រៃ យកដីធ្វើកម្មសិទ្ធខាងលើ លោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើ ព្រែកប្រសប់ បាននិយាយតាមទូរស័ព្ទថា លោកមិនបានដឹងទេ តែលោកនាយសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកសំបូរ បានចុះទៅធ្វើសារពើភ័ណ ជាមួយអង្កាហើយ មិនទាន់ត្រឡប់មកវិញទេ។ ដោយឡែកលោកប្រធានភូមិ និងលោកប្រធានសហគមន៍ប្រាសាទតាខ្មៅ នៅមិនទាន់បានការបំភ្លឺនៅឡើយទេ ជុំវិញករណីខាងលើនេះ។ បើសិនមានការបំភ្លឺណាមួយ អង្គភាពសារព័ត៌មានយើងខ្ញុំ និងផ្សាយបន្ត។ បើទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅភូមិទន្សោងធ្លាក់ បានរិះគុនថា កន្លងមកប្រជាពលរដ្ឋក្នុងភូមិ ចូលកាប់ព្រៃសហគមន៍នេះ ធ្វើចំការលក្ខណៈគ្រួសារ ត្រូវលោកប្រធានភូមិរូបនេះ កសាងសំណុំរឿងបញ្ជូនទៅខេត្ត ស្រាប់តែឥឡូវ នេះ បែរជាលោកប្រធានភូមិ យកដីព្រៃសហគមន៍លក់យកលុយឯងទៅវិញ៕








Discussion about this post