ភ្នំពេញ៖ ទីតាំងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» ខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែបង្កការភ័យខ្លាចដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង និងក្រៅមូលដ្ឋាន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះ បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនថ្នាំ ចូលទៅលេង យ៉ាងគគ្រឹកគគ្រេងនៅពេលយប់ ដោយគ្មានការបង្ក្រាប ទប់ស្កាត់ពីសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។

ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមាន របស់ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីមួយនេះ ព្រោះកាលណាមានល្បែងស៊ីសងនៅក្នុងមូលដ្ធានហើយ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះឯង។


ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» ខាងលើនេះប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និង លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់កម្លាំងជំនាញចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះផងទាន.! ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕
Discussion about this post