ជាតិ

ប្រជាពលរដ្ឋ ស្នើឲ្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ពិចារណា​ការ​ចេញ​លិខិត​រក្សា​ការពារដីអនុក្រឹត្យរបស់រដ្ឋ ​ជូន​ អ្នកស្រី​ ឡឹក​ លក្ខិណា

ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈ​ដែល ដី​ស្របច្បាប់​របស់ពួក​គាត់​កំពុង​គំរាមកំហែង​ដោយ​បុគ្គល​អ្នកមានលុយ​ស្ដុកស្ដម្ភ​ម្នាក់​នៅក្នុងក្រុងព្រះសីហនុ​ ដែល​កំពុង​ប្រើប្រាស់​ផ្លូវ​តុលាការដើម្បីចេញ​ លិខិត​រក្សា​ការពារ​លើ​ដី​អនុក្រឹត្យ​របស់រដ្ឋ​ជូន​លោក​​ គិត​ ប៊ុន​ អ្នកស្រី​ ឡឹក​ លក្ខិណា​ (ប្ដី-ប្រពន្ធ​) ដែល​រដ្ឋ​បាន​និរាករណ៍​ប័ណ្ណ​កម្មសិទ្ធិ​ ជាយូរឆ្នាំ​មកហើយ​និងបាន​កាត់​ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​ មាន​​ទំហំ​ជាង​ ពីរ​ហិតា​។

យោងតាម​អនុក្រឹត្យ​លេខ​ ១១៦ អនក្រ​.បក​ ចុះថ្ងៃទី​ ០៩ ខែឧសភា​ ឆ្នាំ​ ២០១៦។ អនុក្រឹត្យ​លេខ​ ៧៨ អនក្រ.បក ស្ដីពី​ ការ​បង្កើត​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ ព្រែកទឹកសាប​ក្បាលឆាយ​ របស់​រាជរដ្ឋាភិបាល​។ លិខិតលេខ ១០៣៩ សជណ.បស ចុះថ្ងៃទី ០២ ខែសីហាឆ្នាំ ១៩៩៩ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។

ក្នុង​នោះ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ យោងតាម​លិខិត​ជូនដំណឹង​របស់​សាលាខេត្ត​ លេខ​ ៧៤៥/១៨ សជណ​ ចុះថ្ងៃទី​ ២៦ ខែធ្នូ​ ឆ្នាំ​ ២០១៨ ពិនិត្យ​ឃើញ​ថា​ ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ដែលមាន​លេខរៀងទី​ (៥២) A1-911 ចុះថ្ងៃទី​ ២៧ ខែធ្នូ​ ឆ្នាំ​ ១៩៩៣ ស្ថិតនៅ​ភូមិ​៣ សង្កាត់លេខ១​ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ​ ដែលមាន​ម្ចាស់​ប័ណ្ណ​សម្គាល់​សិទ្ធិ​លោក​ គិត​ ប៊ុន​ និងអ្នកស្រី​ ឡឹក​ លក្ខិណា (ប្ដី-ប្រពន្ធ​) ដូច្នេះប័ណ្ណទាំងនេះ​ត្រូវបាននិរាករណ៍តាមលិខិតលេខ ១០៣៩ សជណ.កស ចុះថ្ងៃទី០២ ខែសីហាឆ្នាំ ១៩៩៩ របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ប័ណ្ណលេខ A1-911 នេះពុំមានតម្លៃសម្រាប់យកមកប្រើប្រាស់ដោយសុំទាមទារនិងដោះស្រាយអ្វីបានតទៅទៀតឡើយ។ ចំពោះ​អ្នក​​ស្រី​ ឡឹក​ លក្ខិណា​ ភ្នាក់ងារ​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​រួចហើយ​ តែ​អ្នកស្រី​​ឆ្លើយថា​ ជាប់រវល់​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​កូន​ជំទាវ​ មិនទាន់​អាច​បំភ្លឺបានទេ​។

បើតាមលោក​ សុខ​ សុខុម​ ប្រធាន​អង្គការស្រាវជ្រាវ​ជាតិ​កម្ពុជា​ ហៅ​កាត់​ថា​ (សុីអិន​រ៉ូ​) C.N.RO ផ្ដល់​បទសម្ភាសន៍​ដល់​ព័ត៌មាន​យើង​ថា​ ដី​នៅក្នុង​តំបន់​អូរ​អារេវ​ ភូមិ៣ សង្កាត់លេខ​១ នេះ​ រដ្ឋាភិបាល​បាន​និរាករ​ណ៍​ តាំងពីឆ្នាំ​ ១៩៩៧ រហូត​មកដល់​ពេលនេះ​ មាន​ការ​ដោះដូរ​និង​កាត់ឆ្វៀល​ជូន​ប្រជាពលរដ្ឋ​អស់​ទៅហើយ​។

លោកបន្តថា សាលាខេត្តព្រះសីហនុ​ ត្រូវ​មាន​វិធានការណ៍​ទប់ស្កាត់​ជា​បន្ទាន់​ទៅ​លើ​លិខិត​រក្សា​ការពារ​លេខ​ ៦១ ចុះថ្ងៃ​ ១១ ខែ​មករា​ ឆ្នាំ​ ២០១៩នេះ។ លោក​ថ្លែងទៀតថា​ បើ​លិខិត​រក្សា​ការពារ​នេះ​មាន​ប្រសិទ្ធភាព​ ឲ្យ​ប្រជាពលរដ្ឋ​ទទួល​យកបែបណា​ ? បើ​តុលាការ​យក​ដីការ​ដែល​ងាប់ទៅហើយ​នោះ​ឲ្យ​រស់ឡើងវិញបែបនេះ​? ខណៈ​ដែលពេលនេះប្រជាពលរដ្ឋ​ចាប់ផ្ដើម​សាងសង់ លំនៅឋាន​ហើយ ​បើតុលាការចេញអាលិខិតរក្សាការពារហ្នឹង មក​គ្របដណ្ដប់​ទៀត​គឺចប់​តែម្ដង​ចំពោះប្រជាពលរដ្ឋ​ដែលរស់នៅទីនេះ​។

លោកក៏បាន​បន្តទៀតថា​ ផ្លូវ​ច្បាប់​បើ​និរាករណ៍​​រួចហើយគឺ​ចប់​យើង​មាន​លិខិត​ជាច្រើន​រួមទាំង​អនុក្រឹត្យ​ថែមទៀត​ ដោយសារ​តែ​​ រាជរដ្ឋាភិបាល​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ទើប​កាត់ឆ្វៀល​ដីនេះ​ជូន​ពលរដ្ឋ​ ប្រសិនជា​តុលាការ​ចេញ​លិខិត​រក្សា​ការពារ​មិនឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​សកម្មភាព​លើដីទាំងនេះ​ សួរថា​ តើពួកគាត់​សង្ឃឹម​លើ​អ្វីតទៅទៀត​ ? ដូច្នេះ​ក្នុងនោម​ លោក​ ជា​ប្រធានអង្គការ​ក្រៅ​រដ្ឋាភិបាល​ សូម​អំពាវនាវ​ ដល់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ ពិសេស​តុលាការ​ខេត្តព្រះសីហនុ​ លោក​ កែវ​ មុន្នី​ គួរតែ​ពិនិត្យ​លើ​លិខិត​រក្សា​ការពារ​នេះឡើងវិញ​ ហើយ​ចាត់ វិធានការណ៍​ទៅតាមផ្លូវច្បាប់ដើម្បីឲ្យមានភាពយុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​។

លោក​ សុខ​ សុខុម​ បាន​បញ្ជាក់ជាចុងក្រោយថា បុគ្គល​អ្នកមានលុយ​ ឈ្មោះ​ គិត​ ប៊ុន​ និង​ អ្នក​​ស្រី​ ឡឹក​ លក្ខិណា​ (ប្ដី-ប្រពន្ធ​) រូបនេះ​កំពុង​បង្ក​ភាព​វឹកវរ​ បង្ក​ភាព​អនាធិបតេយ្យ​ដល់​ពលរដ្ឋ​ ដោយ​ប្រើទាំង​កម្លាំង​ប្រដាប់​អាវុធ​ ក៏ដូចជា​បង្កបញ្ហាយ៉ាងធ្ងន់ធ្ងរដល់រដ្ឋបាលខេត្តព្រះសីហនុផងដែរ អញ្ចឹង​ទេ​រដ្ឋបាល​ខេត្ត​គួរមាន​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​ទៅលើ​បុគ្គលរូប​នេះ​ កុំឲ្យ​បង្ក​ព្យុះ​បង្ក​ភ្លៀង​ដល់​ពលរដ្ឋ​និង​រដ្ឋបាល​ខេត្តតទៅទៀត​។

ចំពោះ​បញ្ហា​នេះ​ បើតាម​ប្រជាពលរដ្ឋ​ដែល​កំពុង​រៀបចំ​ធ្វើការ​សាងសង់​លំនៅឋាន​នៅលើ​ដី​ដែល​រដ្ឋបាល​ខេត្ត​បាន​ដោះដូរនេះ​​ប្រាប់ថា​ ពួកគាត់​ក្នុង​មួយ​គ្រួសារ​ៗបានត្រឹម​ ៥ម៉ែត្រ គុណ២០ម៉ែត្រ​ ហើយ​ក៏មាន​ពលរដ្ឋ​ក្រីក្រ​រហូត​ដល់​ស្នើសុំ​ឲ្យ​រដ្ឋបាល​ខេត្ត​សង់ជា​ផ្ទះខ្ទម​ជូន​ ទំហំ​ ៤ម៉ែត្រ គុណនឹង​ ៦ម៉ែត្រទៀតផង។ ចុះ​​បើ​តុលាការ​សម្រេច​នៅ​លិខិត​រក្សា​ការពារ​របស់លោក​ គិត​ ប៊ុន​ អ្នកស្រី​ ឡឹក​ លក្ខិណា​ នេះ​ឲ្យ​រស់ឡើងវិញ​ អ្នក​ដែលងាប់​នោះ​ប្រាកដជា​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​កំពុង​រស់នៅ​លើដីទាំងនេះហើយ​ សូម​អភិបាល​ខេត្ត​ព្រះសីហនុ​ ឯកឧត្ដម​ យន្ត​ មីន​ មេត្តា​មានវិធានការ​តាម​ផ្លូវច្បាប់​ផង​៕ ដោយ៖ (អ៊ង​ នី)

 

SHARE
RELATED POSTS
សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួនជាង ១០០ សន្លឹង ត្រៀមយកទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ នៅពេលជំនាញចុះគល់បញ្ជីរួចរាល់..!!
អាវភ្លៀងសម្តេចតេជោរាប់ម៉ឺនអាវបានប្រគល់ជូនកងទ័ព វីរៈនគរបាលការពារព្រំដែន
លោក​ឧ​ត្ត​ម​សេនីយ៍ មាស សុវណ្ណ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ ក្នុង​ថ្ងៃ​ទិវា នារី​អន្តរជាតិ ៨មីនា ក្នុង​មូលដ្ឋាន

Leave Your Reply

*