ជាតិ

សំរាមក្នុងក្រុងបានលុងបានក្លាយជាភ្នក់ភ្លើងដើម្បីបំបាត់ក្លិនស្អុយ

ខេត្តរតនគិរីៈ បន្ទាប់ពីរដ្ឋបាលសាលាខេត្តរតនគិរី បានចេញដីកាស្ដីពីការដកហូតសិទ្ធ និងបញ្ចប់កិច្ចសន្យា ស្ដីពីការដាក់ទុនវិនិយោគ ធ្វើអាជីវកម្មប្រមូលសំអាត អនាម័យ និងដឹកជញ្ជូនសំរាម ក្នុងក្រុងបានលុង ខេត្តរតនគិរី ពីក្រុមហ៊ុន គឹមជ្រា របស់លោក ជា គួង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ កន្លងមក សំរាមក្នុងក្រុងបានលុង បានក្លាយជាប្រធានបទ គំនរសំរាមស្អុយរលួយ គរតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ធ្វើភ្ញៀវឲ្យទេសចរណ៍រិះគុណកន្លងមកនោះ។ បើទោះជាក្រសួងមហាផ្ទៃ បានចេញលិខិតលេខៈ២០០៥.សជណ ចុះហត្ថលេខា ដោយឯកឧត្ដម សក់ សេដ្ឋា កាលពីថ្ងៃទី២៦ ខែវិច្ឆិការ ឆ្នាំ២០១៨ ជម្រាបជូនអភិបាលខេត្តរតនគិរី តម្រូវឲ្យអាជ្ញាធរខេត្ត ពង្រឹងការអនុវត្តកិច្ចសន្យា និងសៀវភៅបន្ទុក ស្ដីពីការដាក់ទុនវិនិយោគ ធ្វើអាជីវកម្មប្រមូល សម្អាតអនាម័យ និងដឹកជញ្ជូនសំរាម ព្រមទាំងតាមដានពីសកម្មភាព ត្រួតពិនិត្យការអនុវត្តតាមកិច្ចសន្យាសៀវភៅបន្ទុករបស់ក្រុមហ៊ុនលោក ជា គួង យ៉ាងណាក៏ដោយ លិខិតរបស់ក្រសួងមហាផ្ទៃមួយច្បាប់នេះ ហាក់មិនមានប្រសិទ្ធភាពនៅឡើយទេ រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩នេះ។

ផ្ទុយទៅវិញ សំរាមក្នុងក្រុងបានលុង ត្រូវបានអាជ្ញាធរក្រុងប្រើប្រាស់រថយន្តកែច្នៃ និងរថយន្តដឹកសំរាម ធុនតូច តែ ៤គ្រឿង ដឹកសំរាមនៅផ្សារក្រុងបានលុង និងតាមទីសាធាណៈប្រជុំជនសំខាន់ៗ តែប៉ុណ្ណោះ។ ចំណែកក្រុមហ៊ុនវិនិយោគរបស់លោក ជា គួង ដែលប្រើប្រាស់រថយន្តដឹកសំរាម ដែលមានបច្ចេកទេសត្រឹមត្រូវធន់ធំរហូតដល់ទៅ ៦គ្រឿងឯណោះ នៅតែស្ទើរមិនទាន់តម្រូវការក្នុងក្រុង។ បច្ចុប្បន្ននៅតាមផ្ទះ និងទីសាធារណៈមួយចំនួនធំទៀត ត្រូវបានប្រជាពលរដ្ឋដុតហុយផ្សែងពេញទាំងក្រុងបានលុងនៅពេលព្រលប់ និងអ្នកខ្លះទៀតបានយកសំរាមទៅចាក់ចោលតាមទីសាធារណៈ ឲ្យតែផុតពីមុខផ្ទះពួកគេកុំឲ្យស្អុយ តែប៉ុណ្ណោះ។

ជុំវិញករណីករណី ដែលប្រជាពលរដ្ឋ ដុតសំរាមតាមមុខផ្ទះមួយចំនួន និងមួយចំនួនធំទៀត បានយកសំរាមទៅចាក់ចោលពាសវាលពាសកាល តាមទីសាធារណៈខាងលើនេះ លោក ងិន ណែល អភិបាលក្រុងបានលុង បានឲ្យអ្នកសារព័ត៌មានយើងដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នេះថា ករណីខាងលើ លោកទទួលស្គាល់ពិតប្រាកដមែន ពីព្រោះការប្រមូលដឹកជញ្ជូនសព្វថ្ងៃ ខាងក្រុងប្រើប្រាស់រថយន្តបួនគ្រឿងតែប៉ុណ្ណោះ គឺគោយន្តកែច្នៃតូចៗ ២គ្រឿង និងរថយន្តឃ្លុបដឹកសំរាមធន់តូច ២គ្រឿង ហើយការប្រមូលដឹកជញ្ជូនសំរាមរាល់ថ្ងៃនេះ បានតែក្នុងផ្សារ ជុំវិញផ្សារក្រុងបានលុង និងតាមទីសាធារណៈប្រជុំជនសំខាន់ៗតែប៉ុណ្ណោះ។ លោកបន្តថា នេះជាជំហានដំបូង លោកនិងខិតខំប្រឹងប្រែងបន្តទៀត។

បើទោះជាយ៉ាងណា បញ្ហាសំរាមនៅក្នុងក្រុងបានលុង ខេត្តរតនគិរី កាន់តែធ្វើឲ្យមានផលប៉ះពាល់ផ្នែកបរិស្ថាន យ៉ាងធ្ងន់ទៅៗដល់ប្រជាពលរដ្ឋ បើសិនជាមិនមាន ក្រុមហ៊ុនវិនិយោគ ដែលមានគ្រឿងចក្របំរើការងារឲ្យបានត្រឹមទេនោះ៕ ដោយ៖ ភួង ផុន 06.012019

 

SHARE
RELATED POSTS
ដំណើរឆ្ពោះទៅទិវា​ ៨​ ឧសភា​ ឆ្នាំ២០១៨​ ដែលនឹងប្រព្រឹត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​
ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ៨មីនា លើក​ទី១០៧ ឆ្នាំ២០១៨ ក្រោម​ប្រធានបទ ស្ត្រី​រួមគ្នា​ថែរក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ
ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចាប់អារម្មណ៍​ខ្លាំង ទៅលើ​ការ​ទស្សនា ហ្វូង​សត្វ​ប្រចៀវ

Leave Your Reply

*