សន្តិសុខ

អ្នកចាប់ចោរ និងអ្នកលែងចោរ នៅខេត្តកំពង់ស្ពឺ ឆ្លើយដាក់គ្នា, ស្នងការខេត្តថា ព្រះរាជអាជ្ញាជាអ្នកមានសិទ្ធិលែង, ព្រះរាជអាជ្ញាថា ស្នងការជាអ្នកសុំឲ្យលែង

ខេត្តកំពង់ស្ពឺ៖ ក្រោយពីមានការបែកធ្លាយព័ត៌មានថា លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោះលែងជនសង្ស័យជាមុខសញ្ញាចោរប្លន់២នាក់ កាលពីថ្ងៃម្សិលមិញនោះ នៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យសាលាដំបូង និងស្ថាប័ន អយ្យការខេត្តកំពង់ស្ពឺ បានចេញសេចក្តីថ្លែងការណ៍ថា រឿងលែងចោរប្លន់ គឺព្រះរាជអាជ្ញាធ្វើតាមការស្នើសុំរបស់លោកស្នងការ។

នៅក្នុងសេចក្តីថ្លែងការណ៍ លេខ ២៧ ស.ថ.ក/០១៩ ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានផ្ញើរបាយការណ៍លេខ០៣ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ដោយស្នើសុំឲ្យព្រះរាជអាជ្ញា ដោះលែងជនសង្ស័យជាចោរប្លន់ទាំង២នាក់នោះវិញ ព្រោះគ្មានភស្តុតាងដាក់បន្ទុក។
ដោយសារតែលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តស្នើសុំឲ្យលែងជនសង្ស័យជាចោរប្លន់ ទើបលោកស្រីព្រះរាជអាជ្ញា សម្រេចឲ្យដោះលែង ដោយចារលើរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោស្នងការខេត្ត ដោយតម្រូវឲ្យនគរបាល៖
-ធ្វើការស៊ើបអង្កេតស្រាវជ្រាវបន្តតាមនីតិវិធី
-ត្រូវមានអ្នកធានាច្បាស់លាស់
-ឲ្យធ្វើកិច្ចសន្យាមិនប្រព្រឹត្តខុសច្បាប់។

ពាក់ព័ន្ធករណីលោស្រីព្រះរាជអាជ្ញាលែងចោរប្លន់០២នាក់នោះ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ កាលពីព្រឹកមិញថា «សួរទៅលោកស្រីព្រះរាជអាជ្ញា នគរបាលមិនមានសិទ្ធិអោយជនសង្ស័យនៅក្រៅឃុំទេ»។

ការឆ្លើយតបរបស់លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ហាក់ចង់បង្ហាញថា ការសម្រេចលែងជនសង្ស័យជាចោរប្លន់ មិនមានពាក់ព័ន្ធនឹងលោកទេ គឺលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចាត សូរស្មី ជាអ្នកសម្រេច។ ក្រុមចោរប្លន់ទាំង០២នាក់ ដែលនគរបាលចាប់ខ្លួន ហើយត្រូវលោកស្រីព្រះរាជអាជ្ញាដោះលែងឲ្យមានសេរីពេញបរិបូណ៍វិញហើយ គឺជនសង្សួយជាចោរឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រែកតាម៉ែ ឃុំកំពង់អុស ស្រុកពញឮ ខេត្តកណ្ដាល និងឈ្មោះ នោ ពន ភេទប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ពាក់ព័ន្ធ ការសម្រេចដោះលែងក្រុមចោរប្លន់ ទាំង០២នាក់ខាងលើ ត្រូវក្រុមមន្ត្រីមូលដ្ឋាន ក្នុងស្រុកឧដុង្គ ក្នុងឃុំជំពូព្រឹក និងអ្នកភូមិព្រៃអន្សែ លើកឡើងថា ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន បានដើរនិយាយអួតក្អេងក្អេងប្រាប់អ្នកស្រុក និងនិយាយបញឺមន្ត្រីនគរបាលមូលដ្ឋានថា មិនដឹងជាខំមកចាប់ប្តីនាងធ្វើអីបើគង់តែបញ្ជូនទៅដល់លើ គេដោះលែងមកវិញដដែល។ សម័យនេះហើយ អស់តែម្នាក់៦០០០ដុល្លារ ចេញវិញប្រុយ អត់បញ្ហា មិនបាច់ខំប្រឹងចាប់ទេ។

សូមបញ្ជាុក់ថា ក្រុមចោរប្លន់ទាំង០២នាក់ខាងលើ ត្រូវកម្លាំងនគរបាលស្រុកឧដុង្គចាប់ខ្លួនកាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩កន្លងទៅ ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយជនសង្ស័យឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ ត្រូវចាប់ខ្លួន ខណៈកំពុងបើករថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-7761 សេរីឆ្នាំ២០០២ ចេញពីផ្ទះរបស់ជនសង្ស័យ ឈ្មោះ នោ ពន នៅចំណុចភូមិព្រៃអន្សែ ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបាន សារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពកាច់កម៉ូតូ នៅខេត្តព្រះសីហនុ ចំនួន៣លើក យកមកលក់ឲ្យឈ្មោះ នោ ពន ហើយនៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសចោរប្លន់ឆ្លងខេត្តនេះ សមត្ថកិច្ច ដកហូតវត្ថុតា ពីឈ្មោះ អាយ អ៊ីង ហៅ អឿន ម៉ៅ រួមមានរថយន្តចំនួន០១គ្រឿ ប្រដាប់កឹបស្លាកលេខចំនួន០១ កូនសោរឡានចំនួន០៧ និងម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1K-1421 និងទូរស័ព្ទដៃចំនួន០១គ្រឿងផងដែរ។

លុះឃាត់ខ្លួន ក្រុុមជនសង្ស័យទាំង០២នាក់បានហើយ ប្រពន្ធរបស់ជនសង្ស័យឈ្មោះ នោ ពន មានឈ្មោះ រដ្ឋា ចន្ទ្រា ភេទស្រី អាយុ២៩ឆ្នាំ បានយកប្រគល់វត្ថុតាងមួយចំនួនទៀតឲ្យសមត្ថកិច្ច។

គួររំលឹកផងដែលថា កាលពីអំឡុងខែតុលា ឆ្នាំ២០១៨កន្លងទៅ ក្រុមចោរប្លន់ចំនួន០៤នាក់ ក៏ត្រូវបានដោះលែងវិញផងដែរ បន្ទាប់ពីមន្ត្រីនគរបាលស្រុកឧដុង្គ បានបញ្ជូនខ្លួនពួកគេដល់ស្នងការនគរបាល និងបញ្ជូនបន្តឲ្យស្ថាប័នអយ្យការខេត្តកំពង់ស្ពឺ ដែលមានលោកស្រី ចាត សូររស្មី ជាព្រះរាជអាជ្ញាដែលទើបតែឡើងមកកាន់តំណែងថ្មីៗនោះ៕

 

SHARE
RELATED POSTS
ឆ្លងផ្លូវ​ខ្វះការ​ប្រុងប្រយ័ត្ន​ រថយន្ត​ ធុនត្រា​ បុក​ប៉ើង​ដេកដួល​ក្នុង​ថ្លុកឈាម​
ឃាត់ខ្លួនជនសង្ស័យ៥នាក់ នឹងគ្រឿងញៀនមួយចំនួន
លោក ​ឧត្ដមសេនីយ៍ឯក​ កើត​ ប៉ូលីន​ បោកលុយស្រី ព្រមសុំទោសនិងសង៨ពាន់ដុល្លារដើម្បីបញ្ចប់រឿង

Leave Your Reply

*