ជាតិ

ក្រុមហ៊ុន​អានកូ​ ហាក់ដូចជាគ្មាន ឆន្ទៈ​ក្នុង​ការ​ផ្តល់ផ្គង់ទឹកស្អាតអោយបានគ្រប់គ្រាន់ សម្រាប់ពលរដ្ឋក្នុងខេត្ត​ព្រះសីហនុនោះឡើយ

ខេត្តព្រះសីហនុ៖ ពីមួយខែទៅមួយខែប្រជាពលរដ្ឋ​ក្រុងព្រះសីហនុ​ស្ទើរតែ​ទាំងអស់​នៅតែ​បន្ត​ជួបនិង​វិបត្តិ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​ ពីបណ្តាញរដ្ឋករទឹក ខណៈ​ពេល​នេះ​ ជា​សម័យ​ទំនើប​សឹងតែ​គ្រប់វិស័យ​ទៅហើយ​ ប៉ុន្តែ​បែរជា​ត្រូវ​ខ្វះខាតទឹក​សម្រាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋឲ្យ​បាន​ពេញលេញ​ទៅ​វិញ​ ស្របពេល​ដែល​ខេត្ត​តំបន់​ទេសចរណ៍​មួយនេះ​កំពុង​មាន​កំណើន​នៃ​ការ​អភិវឌ្ឍ​ខ្លាំង​របស់​វិនិយោគ​ទុន​បរទេស(ចិន)។

ទាក់ទិន​និង​ការ​​ចែកចាយ​ទឹក​ក្នុង​ខេត្តព្រះសីហនុ​របស់​រដ្ឋាករ​ទឹក​ លោក​ ផន​ រតនៈ​ ប្រធាន​អង្គភាព​រដ្ឋាករ​ទឹក​ខេត្តព្រះសីហនុ​ មាន​ប្រសាសន៍​ថា​ ចំណុច​ដែល​ការ​ផ្គត់ផ្គង់​និង​ចែកចាយ​ទឹក​មិន​គ្រប់គ្រាន់​នោះ មិនមែន​មកពីអង្គភាព​រដ្ឋាករ​ទឹក​នោះទេ​ គឺ​មកពី​ក្រុមហ៊ុន​ អានកូ​ ដែល​ផ្គត់ផ្គង់​មកអោយ​ខាង​រដ្ឋាករ​របស់​លោក​មិនគ្រប់គ្រាន់​ទើប​អង្គភាព​របស់​លោក​គ្មាន​ទឹក​សម្រាប់ចែកចាយ​ជូនពលរដ្ឋ​គ្រប់គ្រាន់។ លោកបន្ត​ថា​ ពីមុន​មាន​បណ្ដាញ​ចម្រស់មួយកន្លែងទៀតគឺនៅបឹងព្រៃទប់ តែ​ឥឡូវនេះ​បាន​បញ្ឈប់​ដំណើរហើយ​គឺ​រាល់ថ្ងៃ​ទទួល​ទឹក​តែពី​ខាងក្រុមហ៊ុន​ផ្គត់ផ្គង់​អាង​ស្តុបទឹកអានកូ​​ក្បាលឆាយ​ទាំងស្រុង​។

ឆ្លើយតប​និង​ការផ្គត់ផ្គង់របស់ក្រុមហ៊ុនអានកូ បើតាម​ប្រសាសន៍​លោក​ ណាំ​ គាតេង​ នាយក​ គ្រប់គ្រង​ទឹក​របស់​ក្រុមហ៊ុន​អានកូ​ លើកឡើង​ថា​ មកដល់​ពេលនេះ​ក្រុមហ៊ុន​របស់លោក​នៅតែ​បន្ត​ការ​ដំឡើង​ប្រព័ន្ធ​បន្ថែម​មិនទាន់ហើយ​រួចរាល់​នោះទេ​។ លោក​បន្ត​ថា​ ពី​មុន​រដ្ឋាករ​ទឹក​មានបណ្ដាញ​ទឹក​សម្រាប់​ផ្គត់ផ្គង់​​ពី​ ៥០០០ ម៉ែត្រគីប​ ទៅ​ ៦០០០ម៉ែត្រគីប ក្នុង​មួយ​ថ្ងៃ​ៗ ដោយធ្វើការ​ចែកចាយ​បន្ថែម​ពីលើ​ក្រុមហ៊ុន​បញ្ជូន​ទឹក​ អានកូ​ តែ​ពេលនេះ​ខាង​រដ្ឋាករ​ទឹក​បាន​ឈប់​ផលិត​ទៅវិញ​ ដោយ​ផ្ទេរ​មក​លើក្រុមហ៊ុន​អាន​កូ​ទាំងស្រុង។ នៅ​ពេល​ដែល​អ្នក​យកព័ត៌មាន​យើង​បាន​សួរលោក​ត្រង់​ចំណុច​ថា​ តើលោក​អាច​ប្រាប់បាន​ទេថា​ រយៈ​ពេលប៉ុន្មានខែទៀត​ទើប​អាច​រួចរាល់​និង​អាច ផ្គត់ផ្គង់​គ្រប់គ្រាន់​ក្នុង​ខេត្ត​​ព្រះសីហនុ​ទាំងមូល​ ? លោក​បាន​ឆ្លើយថា​ លោក​មិន​សង្ឃឹម​ថា​ ការ​ផ្គត់ផ្គង់​នេះគ្រប់​គ្រាន់​នោះទេ​ ហើយ​ក៏​មិនអាច​កំណត់ពេលណារួចរាល់​នោះដែរ​ ព្រោះ​តែ​ការ​ផ្គត់ផ្គង់​ច្រើន​កន្លែង​ដូចជា​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤​ និង​ ជុំវិញ​ក្រុង​ព្រះសីហនុ​។

ចំពោះ​បញ្ហា​ខាងលើ​នេះ​ ឯកឧត្ដម​ យន្ត​ មីន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ មិនទាន់អាច​សុំការទំនាក់ទំនង​ផ្តល់ព័ត៌មាននេះ បាន​នៅ​ឡើយទេ ដោយក្រុមការងារយើងហៅទូរស័ព្ទ​ទៅ កាលពីម៉ោង​ ៩:២៣នាទីព្រឹកថ្ងៃទី ៣ ខែ​មករា​ ឆ្នាំ​ ២០១៩គ្មានអ្នកលើក។ ដោយ​កន្លង​មក​កាលពី​ថ្ងៃទី​ ៣១ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៨ ឯកឧត្ដម​ក៏បាន​ចុះ​ត្រួតពិនិត្យ​និងឆ្លើយតប​តាម​ការ​ខ្វះខាត​ទឹក​ថា​ យ៉ាងយូរ​ ពាក់កណ្ដាល​ខែ​១២ និង​ មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ហើយ​ព្រោះជា​ការ​លើកឡើង​របស់​ក្រុមហ៊ុន​អានកូ​។

បើតាម​មន្ត្រី​ដឹកនាំ​ស្ថាប័ន​ធំ​ៗមួយ​នៅខេត្តព្រះសីហនុ​ ដែល​គាត់​សុំមិន​បញ្ចេញ​ឈ្មោះ​ បាន​លើកឡើង​ថា​ ក្រុមហ៊ុន​អានកូ​ពេលនេះ​មិនខ្វះទេ​រឿងទឹក​ ចង់​បាញ់ឡើងលើ​មេឃ​ក៏បាន​ដែរ​ ប៉ុន្តែ​មិនដឹង​យ៉ាងមិច​ទើប​ក្រុមហ៊ុន​មួយនេះមិន​ព្រម​ផ្គត់ផ្គង់​ជូន​រដ្ឋាករ​ទឹកអោយបាន​គ្រប់គ្រាន់​នោះ​??។

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ ភាគច្រើន​ជា​មន្ត្រី​ធំៗដែលគាត់ហាក់ដូចជាបាន​ដឹងពីរឿង​នេះ​ច្បាស់លាស់​ គាត់ថែមទាំងលើកឡើង​ទៀតថា​ ក្រុមហ៊ុន​អានកូ​គឺ​ហាក់ដូចជាគ្មាន​ឆន្ទៈ​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​អោយគ្រប់គ្រាន់សម្រាប់​ខេត្ត​ព្រះសីហនុ​នោះទេ​ ក្រុមហ៊ុន​មួយ​នេះ​កំពុង​ក្រឡុក​ប្រជាពលរដ្ឋ​ទូទាំងខេត្ត​និង​អភិបាល​ខេត្ត​ ឯកឧត្ដម​ យន្ត​ មីន​ ជា​ថ្នាក់ដឹកនាំ​ខេត្ត​ដ៏​គំរូ​មួយ​រូប​ អោយ​ក្រឡាប់ចាក់​ ជាមួយ​ពាក្យ​សន្យា​របស់​ក្រុមហ៊ុន​អានកូ​ គឺជាសន្យា​ខ្យល់​។ មិនតែប៉ុណ្ណោះ​ប្រភព​ផ្សេងទៀតក៏បាន​លើកឡើង​ថា​ ក្រុមហ៊ុន​អានកូ​មួយ​នេះ​គេមិនទាន់ដឹង​ថា​ គាត់ចង់បាន​អ្វីឲ្យ​ពិតប្រាកដ​នោះទេ​ តាម​រយៈ​ការ​ក្រឡុក​ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​ក្នុងខេត្តបែបនេះ​?។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ វាជារឿងមួយដ៏លំបាកខ្លាំងណាស់របស់ ប្រជាពលរដ្ឋ ដូច្នេះពលរដ្ឋនូវតែលើកឡើងយ៉ាងទទូចទៅដល់ថ្នាក់ដឹកនាំថា មិនគួរលុបបឹងព្រែកទប់ទេ មិនទាន់លុបរួចផងក្រុមហ៊ុនអានកូក្រឡុកប៉ុណ្ណឹងហើយ ចុះទម្រាំថ្ងៃតទៅមុខទៀត តើនឹងមានរឿងអ្វីកើតឡើងខ្លះ ហើយនណាជាអ្នករងផលលំបាកចំពោះរឿងនេះ?៕ ដោយ​៖ (អ៊ង​ នី)

 

SHARE
RELATED POSTS
រដ្ឋបាល​ខេត្តកំពត​ប្រជុំ​ពី​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​២០១៧ និង​ទិសដៅ​ឆ្នាំ​២០១៨
ព្រះសង្ឃ​ជាង ២៥៦១ អង្គ ទ្រង់​បិណ្ឌបាត​លើ​ឆ្នេរ​ខ្សាច់ ឆ្នេរសមុទ្រ​ព្រះសីហនុ
សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ រៀបចំ​ពិធី​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយយស​មេដាយ

Leave Your Reply

*