សន្តិសុខ

លោកឧត្តមសេនីយ៍សៅ ខាន់ បញ្ជាកូនទាហានមកបោះបង្គោព្រំលើដីប្រជាពលរដ្ឋមានប្លង់រឹងរំលោភយកទាំងបំពាន

ខេត្តកំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ម្នាក់ឈ្មោះ សៅ ខាន់ បានរងការចោទប្រកាន់ពីម្ចាស់ដីដែលមានប័ណ្ណកាន់កាប់ត្រឹមត្រូវ(ប្លង់រឹង)ថាបានបញ្ជាការកូនទាហានមួយក្រុមជាង២០នាក់មកបោះបង្គោលព្រំ ថែមទាំងដកដើមស្វាយនិងដើមឬស្សីទៀតផង បំណងរំលោភបំពានទន្ទ្រានយកដីរបស់ប្រជាពលរដ្ឋស្លូនត្រង់ អាងខ្លួនមានអំណាចនិងកាំភ្លើងគ្រប់ដៃនោះ បើទោះបីប្រជាពលរដ្ឋ ម្ចាស់ដីបានធ្វើការរាយការណ៍ទៅអាជ្ញាធរឃុំ ស្រុកសុំអោយជួយធ្វើការដោះស្រាយរយះពេលជិត២ខែមកហើយក៏ដោយរហូតមកដល់ពេលនេះមិនទាន់ឃើញមានលទ្ធផលនោះទេ។
បើតាមសម្តីរបស់លោក សរសុ ខន្តី ជាម្ចាស់ដីក្បាលលេខ២១៨ មានទំហំ៥៧៦៥៥ម៉ែត្រក្រឡា ដែលស្ថិតនៅក្នុងភូមិថ្នល់បត់ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននិយាយអោយដឹងថាដីរបស់លោកខាងលើនេះមានការទទួលស្គាល់ចេញប្លង់ប័ណ្ណកាន់កាប់(ប្លង់រឹង)ចេញដោយលោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ហើយស្រាប់តែនៅថ្ងៃទី០៣និងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះមានក្រុមយោធាប្រមាណជាង២០នាក់មានចបជីក ចបកាប់ បង្គោលថ្មរ មករំលោភទន្ទ្រានបំពានបោះបង្គោលព្រំយកដីរបស់លោកដោយគ្មានការអនុញ្ញាតិ ដោយមិនញញើតម្ចាស់ដីសូម្បីតែបន្តិចដែលគេដឹងថា ការដឹកនាំក្រុមយោធានោះមានឈ្មោះអ៊ុក សារ៉ុន នៅវរសេនាតូចលេខ៤ ចំណុះអោយកងពលតូចលេខ៧០(ង ៧០)និងមានការបញ្ជាផ្ទាល់ពីថ្នាក់ឧត្តមសេនីយ៍ឈ្មោះ សៅ ខាន់ ថែមទៀតផង ទើបកូនទាហានទាំងអស់នោះហ៊ានចូលទៅបោះបង្គោលទាំងបំពាន។លោក សរសុ ខន្តី ជាម្ចាស់ដីបានបន្តទៀតថាបន្ទាប់ពីមានការបំពានបោះបង្គោលព្រំបានជិត១០ថ្ងៃមក ក្រុមយោធាទាំងអស់នោះបានចូលមកដកយកដើមស្វាយនិងដើមឬស្សីរបស់លោកប្រមាណជាង១០០ដើមថែមទៀតផង លោកក៏បានរាយការណ៍ទៅអាជ្ញាធរឃុំ ស្រុកដើម្បីអោយជួយដោះស្រាយដែលប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ដោះស្រាយចេញនៅឡើយទេ លោកបានបញ្ជាក់ទៀតថាលោកជាប្រជាពលរដ្ឋមិនហ៊ានទៅដកបង្គោលព្រំដែលក្រុមយោធាទាំងអស់នោះមកបោះឡើយ ដោយខ្លាចអំណាចនិងណាមួយគេជាយោធាមានអាវុធថែមទៀតផង ទើបសង្ឃឹមលើលោកមេឃុំ លោកអភិបាលស្រុកជួយដោះស្រាយនោះប៉ុន្តែគ្មានសោះ។ដូចនេះក្នុងនាមលោកជាម្ចាស់ដីធ្វើការសំណូមពរដល់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមហ៊ុន ម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាពិសេសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកមេត្តាជួយចាត់ក្រុមជំនាញនិងអធិការកិច្ចចុះពិនិត្យដីរបស់ប្រជាពលរដ្ឋដែលមានប្លង់រឹងហើយក្រុមយោធាបំពានទន្ទ្រានយកផងទាន?។
ពាក់ពន្ធ័និងការលើកឡើងខាងលើរបស់ម្ចាស់ដីនេះដែលលោកស៊ីម រតនៈ អភិបាលស្រុកសំរោងទងនិយាយថាអោយលោកដោះស្រាយយ៉ាងម៉េចបើភាគីម្ចាស់ដីមិនដាក់ពាក្យបណ្តឹងផង បានត្រឹមតែរាយការណ៍ និងលោកដឹងតាមក្រុមអ្នកសារព័ត៌មានប៉ុណ្ណោះ។
ដោយឡែកលោកឧត្តមសេនីយ៍ សៅ ខាន់ ដែលទទួលទិសគ្រប់គ្រងបន្ទាយវរលេខ៤នេះបានអោយដឹងតាមទូរសព្ទ័យ៉ាងខ្លីថា ចង់ដឹងសួរទៅមេឃុំ អភិបាលស្រុកទៅ។ប្រជាពលរដ្ឋបានដឹងរឿងនិងលោកជាម្ចាស់ដីមានការងឿងឆ្ងល់ថាតើការរំលោភបំពានទន្ទ្រានយកដីរបស់ប្រជាពលរដ្ឋមានប្លង់រឹងហើយ ក្រុមយោធាអ្នកមកបោះបង្គោលតាមមេធំបញ្ជា ចុះហេតុអ្វីបានជាលោកមេធំ(ឧត្តមសេនីយ៍ សៅ ខាន់)នុងបែរជាអោយក្រុមអ្នកសារព័ត៌មានសួរទៅមេឃុំ លោកមេស្រុកទៅវិញ ឬមួយអស់លោកមេឃុំ អភិបាលស្រុកសំរោងទងនុងឃុបឃិតជាមួយក្រុមយោធាទេដឹងដើម្បីជាលេសយកដីប្រជាពលរដ្ឋស្លូតត្រង់នោះ។អ្នកសារព័ត៌មានយើងមិនអាចបែងចែកវែកញែករឿងខាងលើនេះបានទេ ទុកអោយប្រិយមិត្តអ្នកអាននិងអ្នកទស្សនាគិតនិងពិចារណាខ្លួនឯងឬក៏អោយអ្នកច្បាប់ជាអ្នកកាត់ក្តីរឿងនេះទៅចុះ៕

 

 

SHARE
RELATED POSTS
ផ្សារព្រៃល្វា ត្រូវបានអគ្គីភ័យ លេបត្របាក់ អស់ស្ទើតែទាំងស្រុង កាលពីរំលងអាធ្រាត
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ រង ទទួលផែនការងារ ធនធានមនុស្សបាននាំអំណោយ ជាថវិការទៅប្រគល់ជូន គ្រួសារ នៃសព
លោកតាម្នាក់ដែលគេផុស ក្នុងហ្វេសប៊ុកថា គ្មានសាច់ញាតិកំពង់ជួបការលំបាកតែពេលនេះ បានលាចាកលោកបាត់ហើយ…

Leave Your Reply

*