សន្តិសុខ

សំរាមគរស្អុយរលួយកើតឡើងពីបញ្ហាទំនាស់ត្រូវអាជ្ញាធរខេត្តរតនគិរីតម្រូវឲ្យក្រុមហ៊ុនអនាម័យក្រុងបានលុងដំណើរការប្រមូលដឹកសម្រាមឡើងវិញ

ខេត្តរតនគិរី៖ រដ្ឋបាលសាលាខេត្តរតនគីរី បានចេញលិតលេខ២៨១/១៨ ស.ណ.ន ជូនលោក ជា គួង ប្រធានក្រុមហ៊ុនគីមជ្រា អនាម័យក្រុងបានលុង ស្ដីពីការចាត់វិធានការប្រមូលសំរាមក្នុងក្រុងបានលុង និងបញ្ហាសំរាមចាក់ខុសទីតាំង បណ្ដាលមកពីបញ្ហាទំនាស់គ្នាជាមួយក្រុមហ៊ុនវិនិយោគផ្សារកន្លងមក។ បន្ទាប់ពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ នៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុងបានលើកគ្នាទៅសាលាដំបូងខេត្ត និងសាលាខេត្តសុំការអន្តរាគមន៍។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ រថយន្តដឹកសំរាមរបស់ក្រុមហ៊ុនអនាម័យក្រុង គីមជ្រា បានចាប់ដំណើរការប្រមូលដឹកសំរាមក្នុងក្រុងបានលុងឡើងវិញ បន្ទាប់ពីខកខានការប្រមូលដឹកជញ្ជូនសំរាម អស់រយៈពេលជិត១០ថ្ងៃកន្លងមក ដោយសារទំនាស់ជាមួយក្រុមហ៊ុនហេងដារ៉ា វិនិយោគផ្សារក្រុងបាលុង ដែលជាទំនាស់ដ៏រាំរ៉ៃដោះស្រាយមិនចេញជាច្រើនឆ្នាំមកហើយ ពាក់ព័ន្ធករណីលោក ជា គួង ប្រធានក្រុមហ៊ុនអនាម័យក្រុងបានលុង បានចោទប្រកាន់ថា លោកឧកញ្ញ៉ា សា លាង ប្រធានក្រុមហ៊ុនវិនិយោគផ្សារបង់ប្រាក់អនាម័យមិនគ្រប់ចំនួនរាល់ខែជាច្រើនឆ្នាំមកហើយ។ បញ្ហានេះត្រូវបានដោះស្រាយគ្នាតាមប្រព័ន្ធតុលាការ ហើយសាលក្រម បានចេញសាលក្រមកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ដោយលោក ឈុន ច័ន្ទសីហា ចៅក្រមជំនុំជម្រះ សម្រេចបញ្ចប់ បង្គាប់ឲ្យចុងចម្លើយឈ្មោះ សា លាង សងប្រាក់ទៅឲ្យដើមចោទឈ្មោះ ជា គួង សរុបចំនួន ៤៣លាន៥សែនរៀល ដោយគិតប្រាក់ជំពាក់រយៈពេល៨៧ខែ គឺគិតចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១០ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។ បង្គាប់ឲ្យសងប្រាក់ដែលភាគីចុងចម្លើយអះអាងថាខានបង់ទាំងស្រុងជារៀងរាល់ខែចំនួន៣លាន៥សែនរៀល គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទូទាត់ចប់ ព្រមទាំងបង្គាប់ឲ្យចុងចម្លើយសងការខូចខាតពេលវេលា ជម្ងឺចិត្ត និងសេវាកម្មមេធាវីចំនួន២ម៉ឺនដុល្លាសហរដ្ឋអាមេរិកទៀតផង។ ក្រោយមក ដីកាសម្រេចរក្សាការពារលេខ០២.ច.ចុះថ្ងៃ ទី១៩ ខែមេសា ឆ្នាំ២០១៨ ដោយលោកចៅក្រម យិន វិសិដ្ឋ ហាមឃាត់កូនបំណុលឈ្មោះ សា លាង នាយកក្រុមហ៊ុនហេងតារា អ្នកវិនិយោគផ្សារបានលុងរតនគិរី មិនឲ្យបុគ្គលិកធ្វើសកម្មភាពយកភាស៊ីនៅតំបន់ទី៤(បរិវេណជុំវិញផ្សារ) និងហាមកូនបំណុលយកសំរាមមកចាក់នៅលើដីតំបន់៤ នៃប្លង់ផ្សារបានលុង។ ក៏ប៉ុន្តែក្រោយមកលោកចៅក្រម សាន ប៊ុនធឿន បានចេញដីកាសម្រេចមួយទៀត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ចុះថ្ងៃទី២ ខែឧសភាឆ្នាំ២០១៨ ឲ្យក្រុមហ៊ុនហេងដារា មានឈ្មោះ សា លាង ជាអគ្គនាយក ធ្វើសកម្មភាពប្រមូល និងដឹកជញ្ជូនសំរាមនៅផ្សារក្រុងបានលុង ជាបណ្ដោះអាស្ន។ ហើយផ្អាកបង់ថ្លៃប្រមូលដឹកសំរាមឲ្យទៅក្រុមអនាម័យក្រុងបានលុងជាបណ្ដោះអាសន្ន។

ករណីរថយន្តដឹកសំរាមពីរក្រុមហ៊ុន គឺក្រុមហ៊ុនវិនិយោគអនាម័យ និងក្រុមហ៊ុនមិនមានអាជ្ញាប័ណ្ណវិនិយោគអនាម័យ បានធ្វើឲ្យកាន់តែមានទំនាស់កាន់តែធំឡើង បណ្ដាលឲ្យប្រជាពលរដ្ឋក្នុងក្រុងបានលុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារទំនាស់ក្រុមហ៊ុនទាំងពីរ កើតមានឡើងជាច្រើនឆ្នាំមកហើយ។ យ៉ាងណាមិញអាជ្ញាធរខេត្ត និងអាជ្ញាធរក្រុង មិនអាចលូកដៃបាន ដោយសារសំណុំរឿងក្រុមហ៊ុនទាំងពីរ នៅក្នុងប្រព័ន្ធតុលាការ។ ម្យ៉ាងវិញទៀតអាជ្ញាធរខេត្តបានត្រឹមដោះស្រាយបណ្ដោះអាសន្ន នៅពេលហេតុការណ៍កើតឡើងដូចពេលនេះ៕ ដោយ៖(ភួង ផុន 23.09.2018)

 

 

SHARE
RELATED POSTS
មុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំយ៉ាងសកម្មម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្នួលក្របួចបានទៀតហើយ?
ចាប់ខ្លួន​តាម​ដីការ​បង្គាប់ ដោយ​ជាប់​ពាក់​ព​ន្ធ័​ករណី​គ្រឿងញៀន
ព័ត៍មានបឋម ជនសង្ស័យម្នាក់ជាមេការកម្មករក្នុងក្រុមហ៊ុនម៉ិញភឿក១ត្រូវបាននគរបាលប៉ុស្តិ៍ឃុំស្រែព្រះឃាត់ខ្លួន

Leave Your Reply

*