






ខេត្តរតនគីរី ៖ អនុគណៈកម្មការចំពោះកិច្ច ក្នុងការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្របខ័ណ្ឌទូទាំងខេត្តរតនគីរី ដែលមានឯកឧត្តម ថង សាវុន ជាប្រធាន បានបើកយុទ្ធនាការជំហានទី៣ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកទាំង៩ និងមន្រ្ដីរាជការគ្រប់ស្ថាប័ន នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ។
បើតាមការបញ្ជាក់ពីលោកគ្រូពេទ្យ អ៊ូ ដេត ប្រធានកម្មវិធីចាក់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានថ្លែងប្រាប់ឲ្យដឹងថា សម្រាប់ខេត្តរតនគិរី បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinovac ពីក្រសួងសុខាភិបាលលើកនេះ មានចំនួន១៥,០០០ដូស (ស្មើនឹង៧,៥០០នាក់) សម្រាប់ចាក់ជូនក្រុមប្រឹក្សាខេត្ត និងមន្រ្តីរាជការ ទូទាំងខេត្តរតនគិរី យើងអោយបានគ្រប់គ្នា គឺក្នុងម្នាក់ចាក់ ២ដូស។ លោកគ្រូពេទ្យបានបន្តទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinovac ដែលបានទិញពីសាធារណរដ្ឋប្រជាមានិតចិន គឺចាប់ផ្ដើមធ្វើឡើងចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដល់អ្នកទទួលវ៉ាក់សាំងចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ នៅទីតាំងចំនួន១០ ក្នុងស្រុក ក្រុងទាំង៩ នៅក្នុងខេត្តរតនគិរី គឺៈ
-មន្ទីរពេទ្យបង្អែកខេត្តមួយកន្លែង (បានបើកដំណើរការ)
-មន្ទីរពេទ្យបង្អែកស្រុកបរកែវមួយកន្លែង (បានបើកដំណើរការ)
-សាលមហោស្រពក្រុងបានលុងមួយកន្លែង (បើកដំណើរការចាប់ពីថ្ងៃទី៣)
-ស្រុកអណ្ដូងមាស (បើកដំណើរការថ្ងៃទី៥)
-ស្រុកអូរយ៉ាដាវ (បើកដំណើរការថ្ងៃទី៥)
-ស្រុកតាវែង (បើកដំណើរការថ្ងៃទី៥)
-ស្រុកវ៉ើនសៃ (បើកដំណើរការថ្ងៃទី៥)
-ស្រុកកូនមុំ (បើកដំណើរការថ្ងៃទី៥)
-ស្រុកលំផាត់ (បើកដំណើរការថ្ងៃទី៥)
-ស្រុកអូរជុំ (បើកដំណើរការថ្ងៃទី៥) ។
ជាមួយគ្នាផងដែរ លោកគ្រូពេទ្យ អ៊ូ ដេត បាន ថ្លែងផ្ដាំផ្ញើដល់បងប្អូនដែលបានទទួលការចាកវ៉ាក់សាំងហើយ គឺមិនត្រូវភ្លេចការពារខ្លួននោះទេ គឺត្រូវបន្ដអនុវត្តន៍ នូវអនុសាសន៍របស់សម្តេចតេជោ ក្នុងនោះគឺ៣ការពារ ៣កុំ ផងដែរ៕ ដោយ ភួង ផុន
Discussion about this post