ខេត្តរតនគិរី ៖ សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ កាន់តែមានជំនឿយ៉ាងមុតមាំ ពីប្រជាពលរដ្ឋកម្ពុជា ហើយការរីកដុះដាលវត្តអារាម ក៏កាន់តែកើនច្រើនឡើងជាលំដាប់ មិនថានៅទីរួមខេត្ត ក្រុង ឬទីជនបទដាច់ស្រយាលឡើយ។ ហើយទីវត្តអារាមទាំងនោះសុទ្ធសឹង ត្រូវបានកសាងឡើង ដោយចំណាយទឹកប្រាក់អស់ច្រើនសន្ធឹកសន្ធាប់ ពីសប្បុរសជន ជាអ្នកឧកញ៉ា លោកឧកញ៉ា និងមន្ត្រីរាជការ អ្នកមានប្រាក់មួយចំនួន មានសទ្ធាជ្រះថ្លាផងដែរ។
ជាក់ស្ដែងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ វត្តគិរីរង្សី (ហៅវត្តសាយ៉ស់ក្រោម) ជាវត្តដែលទើបនឹងកកើតថ្មី មានទីតាំង ស្ថិតក្នុងភូមិសាយ៉ស់ក្រោម ឃុំកាឡែង ស្រុកលំផាត់ខេត្តរតនគិរី ព្រមទាំងប្រជាពលរដ្ឋក្រីក្រក្នុងភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស រៀននៅសាលាបឋមសិក្សាសាយ៉ស់ក្រោម បានទទួលអំណោយ ពីលោកជំទាវឧកញ៉ា សេង សុខុម ម្ចាស់ហាងពេជ្រ ម្កុដពេជ្រ និងស្វាមី ព្រមទាំងកូនចៅ មកពីភ្នំពេញ ជាទឹកប្រាក់ និងសម្ភារៈសិក្សាមួយចំនួនផងដែរ។
នៅក្នុងឱកាសចែកអំណោយនោះ លោកជំទាវឧកញ៉ា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិចទាំងទឹកភ្នែក សុំបញ្ឈប់ការធ្វើវិធីកាប់គោក្របីសែនព្រេន តាមលក្ខណៈជនជាតិដើមភាគតិចទៀតទៅ សូមឲ្យវិលមកកាប់គោក្របី ជាលក្ខណៈធម្មតាវិញ ពីព្រោះការកាប់គោក្របីតាមលក្ខណៈប្រពៃណីជនជាតិដើមភាគតិច គឺពិបាកភ្នែកមើលណាស់ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាយើងទៀតផង។
អំណោយដែលលោកជំទាវឧកញ៉ា នាំយកមកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋមានចំនួន៤៥គ្រួសារ, លោកគ្រូ អ្នកគ្រូ១០នាក់ ព្រមទាំងសិស្សានុសិស្សចំនួន៤០០នាក់ នៅពេលនេះរួមមាន ៖ ឈើចំនួន១៣ម៉ែត្រគូប ក្នុង១ម៉ែត្រគូបតម្លៃ៥០០ដុល្លារស្មើនឹង៦៥០០ដុល្លារ ,សៀវភៅ៤០០ក្បាល,ប៊ិច៤០០ដើម, ស្បែកជើង៤៥គូរ ,ទឹកសុទ្ធ៤០យួរ នំ៤កេះធំ និងថវិកាប្រមាណ៤លានដប់ម៉ឺនរៀល។
ព្រះចៅអធិការវត្តគិរីរង្សី ហៅវត្តសាយ៉ស់ក្រោម ក៏បានជូនពរសព្វសាធុការ ដល់លោកជំទាវឧកញ៉ា ព្រមទាំងស្វាមី និងកូនចៅទាំងអស់ ដែលមានសទ្ធាជ្រះថ្លា នាំយកបច្ច័យ មកកសាងវត្ត និងចែកអំណោយដល់ជនក្រីក្រនិងសិស្សានុសិស្ស ជាជំនួយក្នុងការសិក្សាផងដែរ៕ ដោយ ភួង ផុន










Discussion about this post