ខេត្តព្រះវិហារ៖ ទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិចំបក់សែនជ័យ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី ជាមួយនឹងការដកហូតវត្ថុតាងមួយចំនួនធំបញ្ជូនទៅចាត់ការតាមច្បាប់។
លោក វុធ សាវី បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ នេះក្រោមការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងមន្ត្រីជំនាញមានផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត នឹង សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅទីតាំងខាងលើនេះ។ លោក វុធ សាវី បានបញ្ជាក់បន្ថែមថាទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ដែលធ្វើការបង្ក្រាបនេះ គឺឈ្មួញជួលប្រជាពលរដ្ឋធ្វើ គ្រាដែលលោកដឹកនាំកម្លាំងចុះទៅ ស្របពេលដែលឈ្មួញបានសម្រាកបណ្ដោះអាសន្ន ដោយបន្សល់ទុកនូវសម្ភារៈ និងឈើចម្រុះជាច្រើនប្រភេទទៀត។ លោក វុធ សាវី បានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងទៀតថា ទីតាំងសិប្បកម្មកែច្នៃឈើនៅកន្លែងណាក៏ដោយ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ គឺត្រូវតែធ្វើការបង្ក្រាប ហើយរួមនិងទីតាំងល្បែងស៊ីសងខុសច្បាប់ផ្សេងទៀត ទោះមានខ្នងបង្អែកធំប៉ុណ្ណាក៏ដោយ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចជំនាញបានរឹបអូសវត្ថុតាងរួមមានម៉ាស៊ីនវាល តាបឈូស និងឈើគ្រប់ប្រភេទជាច្រើនម៉ែត្រគូបទៀត យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ មិនអាចលើកលែងបានទេ៕ ដោយ៖ ម៉ែន សុគន្ធា VD7NEWS










Discussion about this post