ខេត្តព្រៃវែង៖ ឪពុកម្ដាយសពជនរងគ្រោះម្នាក់ មានក្ដីសង្ឃឹមថា សពកូនប្រុសគាត់នឹងទទួលបានភាពយុត្តិធម៌ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនជនដៃដល់បាន។ តែត្រូវគាត់បាត់បង់ក្ដីសង្ឃឹមនោះទៅវិញ បន្ទាប់ពីជនត្រូវចោទ ត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំ។
ក្រោយពីសមត្ថកិច្ចជំនាញ បានសហការចាប់ខ្លួនជនសង្ស័យ២នាក់ ១.ឈ្មោះ ពៅ វិសាល ហៅតុប ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ២.ឈ្មោះ ចេង សុភណ្ឌ័នរៈ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រើយង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ពាក់ព័ន្ធករណីឃាតកម្ម កសាងសំណុំរឿងបញ្ជូនទៅតុលាការ បានមួយរយៈខ្លី មិនទាន់បានធ្វើបុណ្យ១០០ថ្ងៃសពជនរងគ្រោះផង ស្រាប់តែជនត្រូវចោទ ជាឃាតករ ២នាក់ និងបក្ខពួក ត្រូវបានលោកស្រី ទែន សុនីតា ចៅក្រមសើបសួរ ដាក់អោយស្ថិតក្រោមការពិនិត្យ (នៅក្រៅឃុំ) ពីបទៈ ហឹង្សាមានស្ថានទម្ងន់ទោស ដោយសារមរណៈ នៃជនរងគ្រោះ។
លោក អូន យឿន និងអ្នកស្រី ឈុន សាម៉ៃ ត្រូវជាឪពុកម្តាយសពជនរងគ្រោះឈ្មោះ យាន សំណាង រស់នៅភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង បានឲ្យអ្នកសារព័ត៌មាន VD7 យើងដឹងថា កូនប្រុសគាត់ត្រូវបានជនដៃដល់ខាងលើ ព្រួតគ្នាវាយសម្លាប់ដូចគោ ដូចក្របី ស្លាប់យ៉ាងអាណោចអាធ័ម នៅតាមចិញ្ចើមថ្នល់ ហើយសមត្ថកិច្ចជំនាញ ក៏បានសហការចាប់ខ្លួនជនសង្ស័យជាឃាតករបានដោយជោគជយ័ តែចៃដន្យអី អ្នកស្រី ចៅក្រម បែជាប្រើឆន្ទានុសិទ្ធខ្លួនដោះលែងដាក់អោយស្ថិតក្រោមការពិនិត្យទៅវិញ។
ពាក់ពន្ធ័និងករណីខាងលើនេះដែរ លោកស្រី អាត សាខន អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង បានប្រាប់តាមរយៈ តេឡេក្រាមថា ក្នុងនាម នាងខ្ញុំជាអ្នកនាំពាក្យ របស់សាលាដំបូងខេត្តព្រៃវែង សូមបញ្ជាក់ចំពោះរឿងដែលលោក ស្រី ទែន សុនីតា ដោះលែងជនសង្ស័យទាំង ២នាក់ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារជនត្រូវចោទម្នាក់ត្រូវប្រលងបាក់ឌុបនៅខែ១២ និងម្នាក់ទៀតមានការធានាពីក្រុមគ្រួសារ ហើយមានការដាក់ប្រាក់តម្តល់ធានាឲ្យនៅក្រៅឃុំទៀតផង ហេតុនេះទើបលោកស្រី ទែន សុនីតា ចៅក្រមស៊ើបសួរ ដាក់ជនត្រូវចោទទាំង ២នាក់ ក្រោមការត្រួតពិនិត្យ ដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ ហើយចំពោះការដោះលែងនៅក្រៅឃុំនេះ មិនមែនមានន័យថា ជាការបញ្ចប់រឿងដោះលែងជនបង្ករឲ្យរួចខ្លួននោះទេ សូមកុំមានការយល់ច្រលំ។ លោកស្រីបន្មថា កាពិតវាជាការឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយលោកស្រីនឹងបញ្ជូនសំណុំរឿងខាងលើនេះទៅបើកសវនាការជំនុំជម្រះកាត់ទោសជនត្រូវចោទឆាប់ៗនេះ។
យោងតាមអង្គច្បាប់ នៃក្រមព្រហ្មទណ្ឌមាត្រា ២២៤ ស្ថានទម្ងន់ទោសដោយសារមរណៈនៃជនរងគ្រោះ នៃអំពើហឹង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ ១៥ឆ្នាំ កាលបើអំពើនេះបណ្តាលអោយជនរងគ្រោះស្លាប់។
គួររំលឹកថា បើយោងតាមដីកាបង្គាប់អោយឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ លេខៈ ២៨៣/២០២ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ របស់តំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែងថា ជនត្រូវចោទមាន ២នាក់ រីឯបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់ បន្ទាប់ពីពួកគេ ធ្វើសកម្មភាពវាយប្រហាជនរងគ្រោះ បណ្ដាលឲ្យស្លាប់៕ ដោយ៖ សូ សុខា





Discussion about this post