ខេត្តព្រះសីហនុ៖ ពិធីបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ Universal Periodic Review (UPR) ដែលបានរៀបចំឡើងនៅសណ្ឋាគារឯករាជ្យ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយក្រោមការអញ្ជើញពីឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលក្រុង/ ស្រុក មន្ត្រីរាជការក្នុងខេត្តព្រះសីហនុ កម្មវិធីនេះបានរៀបចំឡើងនៅព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
នាឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ក្នុងសិក្ខាសាលាដែលបានរៀបចំឡើងនៅគោលបំណង ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ចៅក្រម តំណាងអយ្យការ ពន្ធនាគារ ពិសេសអ្នកនាំពាក្យតាមអង្គភាពនីមួយៗអំពីខ្លឹមសារនៃរបាយការណ៍ជាតិស្ដីពីការពិនិត្យជាសកលតាមការកំណត់នៃការរៀបចំរបាយការណ៍ជាតិ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សលើគ្រប់វិស័យនៅកម្ពុជា ។
រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្ដេជ្ញាខិតខំប្រឹងប្រែងលើកស្ទួយវិស័យសិទ្ធិមនុស្សឱ្យស្របនឹងឆន្ទៈដែលខ្លួនទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ចំនួន៨ ក្នុងចំណោម៩ និងខ្លឹមសារ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា “ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ ហើយប្រជាពលរដ្ឋខ្មែរមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានសិទ្ធិសេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀត ការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្តតាមលក្ខខ័ណ្ឌកំណត់ក្នុងច្បាប់ ។ ក្នុងយុត្តិសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភាបានបន្តកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ការរៀបចំក្របខណ្ឌច្បាប់ឱ្យមានស្ថេរភាព នឹងកាន់តែទូលាយបាននូវជំនឿទុកចិត្តពីមហាជនព្រមទាំងពង្រឹងសមត្ថភាព ឯករាជ្យភាព និងភាពមិនលំអៀងរបស់ស្ថាប័នតុលាការដែលជាកត្តាសំខាន់ នៃដំណើរការពង្រឹងនីតិរដ្ឋ ការបែងចែកអំណាចដាច់ពីគ្នាការគោរពសិទ្ធិបុគ្គល និងការធានាភាពយុត្តិធម៌សម្រាប់ប្រជាជន ។
ហើយឯកឧត្តមអភិបាលខេត្តបានបន្តទៀតថាគិតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលឯកសារពាក់ព័ន្ធសំណើដីធ្លី និងវិវាទដីធ្លីមកពីស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋមកដាក់ពាក្យស្នើសុំនៅរដ្ឋបាលខេត្តមានចំនួន ១០១៦ករណី ក្នុងនោះរដ្ឋបាលខេត្ត
-បានឆ្លើយតបទៅម្ចាស់សំណើរមានចំនួន ១៨៣ករណី
-ធ្វើរបាយការណ៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធចំនួន ៦០ករណី
-បញ្ជូនទៅស្ថាប័នពាក់ព័ន្ធដើម្បីជាសមត្ថកិច្ចចំនួន ៨៤ករណី
-ដោះស្រាយនិងសម្របសម្រួលចប់ចំនួន ១៥ ករណី សរុបមានចំនួន ៣៤២ករណី ។ហើយនៅក្នុងនោះបណ្តឹងមកពីគណ:កម្មាធិការសិទ្ធិមនុស្សពីរករណី ករណីទី១.ស្ថិតក្នុងសមត្ថកិច្ចតុលាការ។
ករណីទី២.មន្ទីរបរិស្ថានកំពុងពិនិត្យស្រាវជ្រាវ ។
បន្ទាប់ពីបានស្តាប់ប្រសាសន៍ និងរបាយការណ៍របស់ឯកឧត្តមអភិបាលខេត្តរួចរាល់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍បើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ និងអនុសាសន៍នៃយន្តការពិនិត្យជាសកលតាមកាលកំណត់ Universal Periodic Review (UPR)
ហើយក្នុងនោះឯកឧត្តម កែវ រ៉េមី បានថ្លែងការកោតសរសើរឯកឧត្តមអភិបាលខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំបំពេញការងារសិទ្ធិមនុស្សបានល្អក្នុងខេត្ត ថ្វីត្បិតតែពាក់ពន្ធ័នឹងបណ្តឹងមានការកើនឡើង គឺមហាជនមានជំនឿទុកចិត្តមកលើការដឹកនាំរបស់រដ្ឋបាលខេត្ត ក្នុងការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា។ ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍន៍ បញ្ហាទំនាស់ដីធ្លីវាតែងតែកើតមានជាក់ជាមិនខាន។ រាជរដ្ឋាភិបាលកម្ពុជា បានបេជ្ញាចិត្តខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិមនុស្សឱ្យស្របនឹងឆន្ទ:ដែលខ្លួនបានទទួលយកលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួន៨ ក្នុងចំណោម៩ និងខ្លឹមសារមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ កម្ពុជាអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការសហប្រជាជាតិ មានអ្នករាយការណ៍ពិសេស ក្នុងការតាមដានត្រួតពិនិត្យវាយតម្លៃអំពីសិទ្ធិមនុស្សនៅកម្ពុជា ធានាបាននូវការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕































Discussion about this post