ខេត្តព្រះសីហនុ៖ បើតាមលោក អុី សុខា ឧត្ដមសេនីយ៍ត្រី ទទួលផែនចរាចរណ៍ខេត្តព្រះសីហនុបានផ្ដល់ដីកាមកកាន់សារព័ត៌មាន VD7NEWS យើងព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ គឺដីកាបង្គាប់ឲ្យឃុំខ្លួន លេខ ២២៩៨ ចុះថ្ងៃទី ១៤ ខែ១១ ឆ្នាំ ២០២០ របស់សាលាដំបូងខេត្តព្រះសីហនុ បានសម្រេច ឲ្យជនបង្កគ្រោះថ្នាក់ចរាចរណ៍(ជនជាតិចិន) ដែលបណ្ដាលឲ្យមានមនុស្សស្លាប់២នាក់ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តព្រះសីហនុហើយ។
ក្នុងដីកាបញ្ជាក់ថា
-បានឃើញ មាត្រា២០៣,២០៤.២០៥ និងមាត្រា២០៦ ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
-បានឃើញ ដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ ១៧៣ តព/២០ ចុះថ្ងៃទី ១៤ ខែ ១១ ឆ្នាំ ២០២០។
-សម្រេច
១-បញ្ហាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ WANG XUSHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ទៅពន្ធនាគារខេត្តព្រះសីហនុ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធីនៃច្បាប់។
២-បង្គាប់ឲ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ទទួលជននេះនិងឃុំខ្លួនជននេះ រហូតដល់មានដីកាសម្រេច។
៣-បង្គាប់ឲ្យភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់ នៅពេលបានឃើញដីកានេះ ត្រូវសហការអនុវត្ត។

គួររំលឹកផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅវេលាម៉ោង ១២:២៥នាទីរំលងអាធ្រាត្រឆ្លងចូល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវ ១៤៩C (ផ្លូវបំបែក៦០ម៉ែត្រ) ត្រង់ចំណុច ចំណោតទី២អាឡាំងឌឺឡុង ស្ថិតក្នុង ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បង្កឡើងដោយរថយន្ត ០១គ្រឿងម៉ាក COLORADO ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AZ-0264 ( រថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុនបេតុង អ៊ុយ ប៉ាង) អ្នកបើកបរឈ្មោះ WANG XUSHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន រួមដំណើរមនុស្ស ០១នាក់ ឈ្មោះ ZHANG QI ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន អ្នកទាំងពីរមានមុខរបរ បុគ្កលិកក្រុមហ៊ុនបេតុងអ៊ុយប៉ាង ស្នាក់នៅបច្ចុប្បន្ន ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានទិសដៅពី ភ្នំ៩៦ ឆ្ពោះទៅ អូរត្រេះ លុះមកដល់ចំណុចកើតហេតុ បោះពួយត្រង់ទៅបុកនឹងរោងកម្មករកំពុងសម្រាកលុងលក់ ដែលមានចម្ងាយចេញពីផ្លូវប្រហែលជាង ១០ម៉ែត្រ ដែលម្ចាស់ឈ្មោះ នឹម អៀប ភេទប្រុស អាយុ ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ឆាន រី អាយុ ៤៧ឆ្នាំ អ្នកទាំងពីរមានមុខរបរ កម្មករ និងស្នាក់នៅបច្ចុប្បន្ន ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងម៉ូតូ ០១គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនក្នុងរោងកម្មករផងដែរ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យឈ្មោះ ឆាន រី ភេទស្រី ស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ នឹម អៀប ស្លាប់នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

បើតាមប្រភពពីសាច់ញាតិប្រាប់សារព័ត៌មាន VD7NEWS យើងនៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០នេះថា ជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ពេលស្លាប់បានបន្សល់ទុកកូនៗចំនួន ៣នាក់ ក្នុងបន្ទុក។ រហូតមកដល់ពេលនេះនិតិវិធីរបស់សមត្ថកិច្ចកំពុងបន្តដោះស្រាយសំណងជូនជនរងគ្រោះ ការដោះស្រាយយ៉ាងណានោះមិនទាន់ដឹងនៅឡើយ។ ប៉ុន្តែបើតាមច្បាប់អាចនិងជាប់បណ្ដឹង២ បណ្ដឹងព្រហ្មទណ្ឌ និង បណ្ដឹងរដ្ឋប្បវេណី៕ ដោយ៖ (អ៊ង នី)










Discussion about this post