ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋប្រហែលជាង ២០០គ្រួសារ កំពុងរស់នៅភូមិគគីរ (ពយម៉ាចូវ)ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការកើតទុក្ខមិនសុខចិត្ត ដោយសារនៅព្រឹកថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០២០ មានការចុះអនុវត្តដីការក្សាការពារលើដីរបស់ពួកគាត់ដែលកំពុងរស់នៅជាច្រើនឆ្នាំមកហើយ ដោយមានតំណាងលោក លឹម គ្រី ម្នាក់នាំអាជ្ញាធរនិងមន្ត្រីជំនាញដើរចង្អុលប៉ាតណាប៉ាតណី មិនមានភាពច្បាស់លាស់ ។
អត្ថន័យក្នុងដីការក្សាការពារដែលសម្រេចចាត់ចែងជាបណ្តោះអាសន្ន លេខ ១៣៧៣ តរ/១៩ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ការដឹកនាំកម្លាំងចុះអនុវត្តនេះធ្វើឡើងនៅវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២០ តាម ពាក្យបណ្ដឹងរបស់ឈ្មោះ លឹម ទ្រី ដែលតាំងខ្លួនជាម្ចាស់បំណុល។
បើតាមប្រសាសន៍មេធាវីរបស់លោក យក់ សុផល ដែលជាភាគីកូនបំណុលលើកឡើងថា ហេតុអ្វីអាជ្ញាសាលាដឹកនាំដោយលោក ឡា ប៊ុនហួន នៃសាលាដំបូងខេត្តព្រះសីហនុទើបនិងចុះមកអនុវត្តនៅពេលនេះ លោកក៏ឆ្ងល់ផងដែរថា ដីការក្សាការពារមានប្រសិទ្ធភាពត្រឹមរយៈពេល ២ខែប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ ជាង៥ខែមកហើយ បែរជាអាចយកមកអនុវត្តបានទៀត។ លោកបន្តថា កូនក្ដីរបស់លោកបានទិញដីនេះមានឯកសារស្របច្បាប់ត្រឹមត្រូវ មានទំហំតែជាង ១ហិកតារប៉ុណ្ណោះតែក្នុងដីការក្សាការពារលើដីទំហំជាង ១៣ហិកតារ អញ្ចឹងការអនុវត្តរក្សាការពារអាចនិងខុសទីតាំងដី។ លោកក៏ស្នើសុំឲ្យតុលាការខេត្តព្រះសីហនុ ពិនិត្យទីតាំងដីដែលដាក់រក្សាការពារនេះឡើងវិញ ដោយឲ្យជំនាញចុះវាស់វែងនិងកំណត់ផែនទីឲ្យច្បាស់លាស់។
ក្នុងនោះក៏មានប្រជាពលរដ្ឋជាច្រើននាក់បានមកតវ៉ាសុំឲ្យលោក អាជ្ញាសាលា កុំចេះតែនាំមនុស្សមកចង្អុលលើទីតាំងដីរបស់ពួកគាត់ដែលកំពុងរស់នៅសព្វថ្ងៃនេះពួកគាត់លើកឡើងថា ពួកគាត់កំពុងរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត លើដីទាំងនេះជាដីរបស់របស់រដ្ឋ គម្របព្រៃឈើឆ្នាំ២០០២ បើអស់លោកជាម្ចាស់ពិតប្រាកដនោះមិនគួរទើបតែពេលនេះមក ដើរចង្អុលនោះទេ។
ពាក់ព័ន្ធនិងរឿងវិវាទដីធ្លីនេះប្រជាពលរដ្ឋក៏បានស្នើសុំឲ្យតុលាការខេត្តព្រះសីហនុ សហការជាមួយមន្ទីររៀបចំដែនដីនគរូបណីកម្ម និងសូរិយោដី ធ្វើការស្រាវជ្រាវទីតាំងផែនទីនិងប័ណ្ណកម្មសិទ្ធិឲ្យបានច្បាស់លាស់ក្នុងការចុះអនុវត្តដីការក្សាការពារនេះ មិនគួរដើរចង្អុលទីតាំងហើយកំណត់ដាក់រក្សាការពារនោះទេ៕ ដោយ៖ អ៊ង នី
Discussion about this post