ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង ៣:១៥នាទីទាបភ្លឺ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើផ្លូវ១៤៩C ត្រង់ចំណុច ស្ពានឆេះ អូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ញឹល ម៉ៅ ភេទ ប្រុស អាយុ ២០ឆ្នាំ មានទីលំនៅខេត្តកំពង់ធំ មានអ្នករួមដំណើរចំនួន ០២នាក់ ៖ ១-ឈ្មោះ លីន ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅខេត្តសៀមរាប ២-ឈ្មោះ លី ប៉ាសី ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅខេត្តត្បូងឃ្មុំ អ្នកទាំងបីបច្ចុប្បន្នមានមុខរបរ កម្មករសំណង់នៅអូរត្រេះ ស្នាក់នៅភូមិ៦ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ
មានទិសដៅ(ពីលិច ឆ្ពោះទៅ កើត) លុះដល់ចំណុចខាងលើស្ថានភាពមេឃងងឹត អ្នកបើកបរមើលមិនឃើញទុយយោទឹកធំរបស់ក្រុមហ៊ុន អានកូ ទុកនៅលើផ្លូវគ្មានដាក់ចំណាំងផ្លាត បណ្ដាលឲ្យម៉ូតូបុកតែម្តង ។
គ្រោះថ្នាក់នេះបណ្តាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ និងរងរបួសមនុស្សចំនួន ០២នាក់ ៖
១-ឈ្មោះ ញឹល ម៉ៅ អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តកំពង់ធំ ។
២-ឈ្មោះ លីន រងរបួស ធ្ងន់ ។
៣-ឈ្មោះ លី ប៉ាសី រងរបួស ស្រាល បច្ចុប្បន្នអ្នករងរបួសទាំងពីរបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ម៉ូតូត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។
មានករណីនេះកើតឡើងពួកគាត់ក៏លើកជាចម្ងល់ថា (ជីវិតរបស់ពួកគេទាំងនោះតើនរណាជាអ្នកទទួលខុសត្រូវ??)
ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ពិសេសក្រុមហ៊ុន អានកូ ដាក់ស្លាកសញ្ញាសំគាល់កុំឲ្យកើតគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិតនិងរងរបួសដូចជាករណីខាងលើនេះទៀត៕ ដោយ៖(អ៊ង នី)
Discussion about this post