ខេត្តរតនគិរី៖ ពិធីលែងកូនត្រី ក្នុងទិវារមច្ឆាជាតិ ថ្ងៃទី១ ខែកក្កដា ត្រូវបានរដ្ឋបាលជលផល លើកយកមកប្រារពធ្វើនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅទំនប់ប្រព័ន្ធធារាសាស្ត្រ ក្រោយវត្តន៍ត្រពាំងក្រហម ស្ថិតក្នុងភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ក្រោមអធិបតីភាព ឯកឧត្ដម បួ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី និងឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី។
តាមការបញ្ជាក់ពីលោក ងួន សុគន្ធ នាយរដ្ឋបាលជលផលខេត្តរតនគិរី បានឲ្យដឹងថា កូនត្រីដែលត្រូវយកមកលែងក្នុងពេលនេះ មានចំនួនជាង ២ម៉ឺនក្បាល ក្នុងនោះមាន កូនត្រីឆ្ពិន កូនត្រីប្រា ត្រីអណ្ដែង ត្រីភ្ទួក ដែលសុទ្ធសឹងជាពូជត្រីធម្មជាតិ យកមកពីស្ថានីយ៍ភ្ញាស់កូនត្រី នៅព្រែកព្នៅ រាជធានីភ្នំពេញ។ ហើយលោកក៏បានបន្ថែមទៀតថា ការលែងកូនត្រីនេះ មិនមែនលែងតែក្នុងទីវារមច្ឆាជាតិថ្ងៃនេះទេ បើតាមប្រសាស្ត្រឯកឧត្ដម អភិបាល និងលោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ តម្រូវឲ្យលោកលែងកូនត្រីជាបន្តបន្ទាប់ទៀត នៅ នៅបឹងយក្ខឡោម និងបឹងកន្សែងទៀត។ ទន្ទឹមនឹងនោះ លោកនាយរដ្ឋបាលជលផល ក៏បានសុំអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាជួយអភិរក្ស ថែរក្សាមច្ឆាជាតិទាំងអស់គ្នា។ កុំនេសាទនៅរដូវត្រីពង និងនេសាទ ដោយប្រើឧប្បករណ៍ឆក់ ប្រើការបំផ្ទុះ និងប្រើសារធាតុបំពុល ដែលធ្វើឲ្យវិនាសហិនហោច ដាច់ពូជត្រី៕
ដោយ៖(ភួង ផុន 05.07.2018)