ខេត្តរតនគិរីៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន សហការណ៍ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យដើមឈើក្លាយជាថ្ម ដែលមានអាយុកាលរាប់ពាន់លានឆ្នាំ បន្ទាប់ពីមន្ត្រីការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់វប្បធម៌របស់ក្រសួងបរិស្ថាន បានចុះស្រាវជ្រាវរយៈពេលកន្លងមក។
នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម សូ ឫទ្ធីគុណ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានគណកម្មាធិការមូលនិធិបរិស្ថាន និងសង្គម សហការណ៍ជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចុះដល់ទីតាំងដើមឈើក្លាយជាថ្ម នៅវេលាម៉ោង៥.៥០នាទី ត្រង់ចំណុចត្រពាំងឈូក ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាលែង ស្រុកលំផាត់ ខេត្តរតនគិរី។
តាមការឲ្យដឹងពីលោក លឹម វ៉ាន់ចាន់ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់វប្បធម៌ របស់ក្រសួងបរិស្ថាន បានឲ្យដឹងថា នេះគឺជាភុសស៊ីលដើមឈើ បានន័យថា ជាដើមឈើបានក្លាយជាថ្ម។ ក្រុមការងារលោកបានចុះសិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៩នេះ បានចំនួន១១ទីតាំងហើយ ហើយនេះគឺជាទីតាំងមួយក្នុងចំណោម១១ទីតាំងនោះ លោកថា ក្រុមការងារលោកបានសិក្សាស្រាវជ្រាវឃើញភុសស៊ីលពពួកសត្វសមុទ្រនៅខេត្តបន្ទាយមានជ័យ និងខេត្តមណ្ឌលគិរី ហើយភុសស៊ីសឈើនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ក៏មានភុសស៊ីលឈើដែរ ជាប្រភេទដើមឈើ។ លោកបន្តថា គោលដៅនៃការសិក្សានេះ គឺសិក្សារកព័ត៌មានទិន្ន័យ ដែលពាក់ព័ន្ធទៅនិងភុសស៊ីលទាំងអស់ ថាតើការប្រែប្រួលរបស់វាយ៉ាងម៉េច ជាពិសេសទិន្ន័យស្រុកយើងអត់មាន ដូច្នេះគឺជាការចាប់ផ្ដើមថ្មីមួយរបស់យើងក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ថា មុននឹងឈានដល់ការចុះស្រាវជ្រាវនេះ គឺលោកទទួលបានព័ត៌មានពីមន្ទីរបរិស្ថានខេត្តរតនគិរី ហើយកំណាយស្រាវជ្រាវនេះលោកបានកាយអស់រយៈពេល២សប្ដាហ៍ ជីកបាន១៦ម៉ែត្រ ប៉ុន្តែដើមឈើមួយដើមនេះ ជីកបាន១៤ម៉ែត្រ នៅមិនទាន់ផុតទេ ដូច្នេះការសិក្សានេះលោកនឹងបន្តទៅឆ្នាំក្រោយទៀត។ លោកបញ្ជាក់ថា នៅទីតាំងនេះមិនមែនមានតែប៉ុណ្នឹងទេ គឺប្រហែលជា ១គីឡូម៉ែត្រជុំវិញនេះ គេរកឃើញមានលេចចេញដើមឈើប្រែក្លាយជាថ្មនេះច្រើនទៀត លោកគ្រាន់តែរាប់ចំនួនបណ្ដោះអាសន្ន ឃើញមាន៣៥ដើមហើយ គ្រាន់តែចំណាយពេលមួយព្រឹកតែប៉ុណ្ណោះ ហើយក្រុមការងារលោកសន្និដ្ឋានថា អតីកាលតំបន់នេះគឺជាតំបន់ព្រៃ ចំណែកឈើនេះមុននឹងក្លាយជាថ្មបាន លុះត្រាតែវាបំពេញលក្ខ័ណ្ឌរបស់វាផងដែរ។ ក្រុមការលោកគិតថា ប្រហែលជាឈើនេះនៅក្បែរសមុទ្រ ទើបវាអាចមានឳកាសច្រើនប្រែក្លាយជាថ្មបាន។ ម្យ៉ាងដោយសាឈើនេះមានស្រទាប់ដីគ្របជិតឆាប់រហ័ស មិនមានឱកាសឲ្យឧកស៊ីសែនឆ្លងកាត់ ធ្វើឲ្យឈើនេះមិនអាចពុកផុយទៅបាន ពីព្រោះឈើអាចពុកផុយទៅបានដោយសារឧកស៊ីសែនឆ្លងកាត់ និងដោយសាបាក់តារីផ្សេងៗ ហើយវាត្រូវចំណាយពេលរាប់ពាន់ រាប់លានឆ្នាំឯណោះ ទើបអាចក្លាយជាថ្មបាន។ លោកក៏បានបញ្ជាក់ដែរថា បើតាមការស្រាវជ្រាវ តំបន់នេះ ជាតំបន់សមុទ្រ ពីព្រោះចំងាយប្រមាណជា៥គីឡូម៉ែត្រ ពីទីតាំងនេះមានភស្ដុតាងថ្មកំបោរ។
លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះថា ក្រសួងនឹងបន្តស្រាវជ្រាវជំរុញទីតាំងនេះឲ្យក្លាយជាតំបនបែបទេសចរណ៍សិក្សាស្រាវជ្រាវមួយ ដើម្បីទាញយលផលប្រយោជន៍ជូនបងប្អូនសហគមន៍មូលដ្ឋានផងដែរ។ លោកក៏រាបចំជាស្នាក់ការរងមួយ ដើម្បីគ្រប់គ្រងទីតាំងនេះ និងជំរុញឲ្យមានការសិក្សា មាននិស្សិតមកពីចំងាយ ដូចជាភ្នំពេញនិងតាមបណ្ដាខេត្តផ្សេងៗ ដែលចង់សិក្សាស្វែងយល់ពីភូតហេតុ ដែលបណ្ដាលឲ្យដើមឈើប្រែក្លាយជាថ្មនេះ គឺខាងមន្ទីរបរិស្ថានយើងនឹងរងចាំស្វាគមន៍៕
ដោយ ភួង ផុន
Discussion about this post